Connect with us

ព័ត៌មានអន្តរជាតិ

រថយន្តដឹកសំណាកកូវីដ១៩ មួយគ្រឿងរបស់ WHO ត្រូវបានគេលួចវាយប្រហារ នៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា!

អន្តរជាតិ៖ យោងតាមសារព័ត៌មានស៊ីនហួរ បានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារ ទី២១ ខែមេសា នេះ បានឲ្យដឹងថា រថយន្តមួយគ្រឿងរបស់អង្គការសុខភាពពិភពលោក WHO ដែលដឹកសំណាកកូវីដ១៩ ត្រូវបានគេលួចវាយប្រហារ ដោយក្រុមសកម្មប្រយុទ្ធ ULA/AA នៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ។

បើតាមព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា យានជំនិះខាងលើដែលមានអ្នកបើកបរម្នាក់ និងបុគ្គលិកសុខាភិបាលម្នាក់ មានគោលដៅត្រូវដឹកសំណាក COVID-19 ទៅកាន់មន្ទីរពិសោធន៍នៅឯទីក្រុងរ៉ង់ហ្គូន ប៉ុន្តែក៏ត្រូវក្រុមសកម្មប្រយុទ្ធ ULA/AA វាយប្រហារនៅក្បែរស្ពាន យ៉ាមួង (Yarmaung) ក្នុងក្រុង មីនប៊ីយ៉ា (Minbya) នៃរដ្ឋ Rakhine កាលពីយប់ថ្ងៃចន្ទម្សិលមិញ។


ទោះជាយ៉ាងណា មនុស្សទាំង២នាក់នៅលើរថយន្តនោះ បានទទួលរងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលនៅកៀកបំផុត ដើម្បីជួយសង្រ្គោះ ខណៈនៅថ្ងៃអង្គារនេះការិយាល័យ អង្គការសហប្រជាជាតិប្រចាំនៅមីយ៉ាន់ម៉ា បានបញ្ជាក់ថា អ្នកបើករថយន្តបានបាត់បង់ជីវិត។ ពាក់ព័ន្ធនឹងតួលេខអ្នកឆ្លង COVID-19 នៅក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលនេះគឺបានកើនដល់ ១១៩នាក់ ក្នុងស្លាប់០៥នាក់ និងជាសះស្បើយ ០៧នាក់៕

Advertisement