ភ្នំពេញ៖ ដូចបងប្អូនបានជ្រាបរួចមកហើយ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នគរបាលចរាចរណ៍កម្ពុជា បានអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាមួយការផាកពិន័យធ្ងន់ធ្ងរ។ ជាមួយគ្នានេះដែរ មានពលរដ្ឋជាច្រើនហាក់មិនពេញចិត្ត នឹងវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដែលបានដាក់ចេញមកនេះ មិនត្រឹមតែប៉ុណ្ណោះមានមហាជនមួយចំនួនតូចបានបញ្ចេញមតិ ក៏ដូចជាសម្ដីរិះគន់ខ្លាំងៗ នៅលើបណ្ដាញសង្គមហ្វេសប៊ុកទៅលើប៉ូលីសចរាចរណ៍ ដោយហេតុនេះហើយបានធ្វើឲ្យនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សារធារណៈនៃអគ្គស្នងការនគរបាលជាតិ បានអះអាងនៅថ្ងៃទី៣ខែឧសភាថា ការប្រើប្រាស់ពាក្យសម្ដីប្រមាថ ធ្វើឱ្យប៉ះពាល់កត្តិយសសមត្ថកិច្ច ដែលអនុវត្តច្បាប់ គឺជាបទល្មើសមួយ ដែលអាចជាប់ពន្ធនាគារពី១ថ្ងៃ ទៅ៦ថ្ងៃ។
ការបញ្ជាក់ពីនាយកដ្ឋានបែបនេះ បន្ទាប់ពីមានស្រ្តីម្នាក់ជាអ្នករួមដំណើរនៅក្នុងរថយន្តម៉ាកព្រុសមួយគ្រឿង បានLiveតាមគណនីហ្វេសប៊ុកឈ្មោះ Ravy Khmer ដោយបានប្រើពាក្យសម្តីប្រមាថ និងសរសេរលើCaptionថា«ចោរស្របច្បាប់ មិនបាច់និយាយក៏គេដឹង» ដែលជាការប្រព្រឹត្តិល្មើសនឹងមាត្រា៧៣ ការរំលោភលើរាងកាយ កិត្ដិយស សេចក្ដីថ្លៃថ្នូរ របស់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលកំពុងបំពេញភារកិច្ច ត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌជាធរមាន(មាត្រា៥០២ បទប្រមាថ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ថ្ងៃ ទៅ ៦ថ្ងៃ។
ស្រ្ដីរូបនោះបានLive វីដេអូ បន្ទាប់ពីខឹងមន្រ្តីនគរបាលចរាចរណ៍នៅខេត្តកំពង់ធំ ដែលបានផាកពិន័យរថយន្តរបស់នាងចំនួន១៥ម៉ឺនរៀល ខណៈនាងអះអាងថា ដោយសារតែខូចភ្លើងអំបូលមួយ។ ស្រ្ដីរូបនេះ ត្រូវមន្រ្តីព្រមានអនុវត្តតាមច្បាប់ ប្រសិនបើមិនចូលខ្លួនមកដោះស្រាយជាមួយសមត្ថកិច្ចចំពោះការប្រើប្រាស់សម្ដីប្រមាថនេះទេ។
គួរជម្រាបថា ចាប់តាំងពីថ្ងៃទី ០១ ខែឧសភាមក គឺរយៈពេល៦ថ្ងៃហើយ ដែលនគរបាលចរាចរណ៍កម្ពុជា បានអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ជាមួយការផាកពិន័យធ្ងន់ធ្ងរ។ ជាការកត់សំគាល់ រយៈពេល៦ថ្ងៃមកនេះ អ្នកឃ្លាំមើលសង្គមបានរិះគន់វិធានការផាកពិន័យថា នឹងមិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាននោះទេ បើប្រជាពលរដ្ឋ និងអាជ្ញាធរមិនកែប្រែឥរិយាបថរបស់ខ្លួនជាមុនទេនោះ ៕