Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីលើផ្ទៃដីទំហំ ២,៣៧៧ហិកតា ក្នុងឧទ្យានជាតិព្រះសីហនុ «រាម» ដែលត្រូវបានក្រុមហ៊ុនឯកជនជាអ្នកគ្រប់គ្រង

ខេត្តព្រះសីហនុ៖ នាថ្ងៃទី០៤​ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីមូលហេតុដែលឧទ្យានជាតិព្រះសីហនុ «រាម» ដែលជាឆ្នេរដ៏ស្រស់ស្អាតត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុនឯកជនជាអ្នកគ្រប់គ្រងតាំងពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ មកម្លេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា៖ កន្លងមករាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា បាន ចេញ អនុក្រិតលេខ៧០អនក្រ.បក ចុះ កាលពីខែមិថុនា ឆ្នាំ២០០៨ ស្តីពីកា កំណត់តំបន់ប្រើប្រាស់ដោយចីរភាពលើផ្ទៃដីទំហំ ៣,៣០០ហិកតា ក្នុងឧទ្យានជាតិព្រះសីហនុ «រាម» និងការធ្វើអនុបយោគដីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋ។

ក្នុងមាត្រា១ ក្នុងអនុក្រឹត្យស្តីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាពនោះ បានកំណត់តំបន់គ្រប់គ្រងក្នុងឧទ្យានជាតិព្រះសីហនុ «រាម» លើផ្ទៃដីទំហំ ៣,៣០០ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជួលទៅឱ្យក្រុមហ៊ុន យីចៀ ធូរីហ៉ឹម ឌីវេឡុបមេន ខមភេ នី ដើម្បីធ្វើការ វិនិយោគអភិវឌ្ឍន៍លើវិស័យទេសចរណ៍។ អនុក្រឹត្យស្ដីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាពលើផ្ទៃដីទំហំ ២,៣៧៧ហិកតា ក្នុងឧទ្យានជាតិព្រះសីហនុ «រាម» និងការធ្វើអនុបយោគដីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋ ។

ក្នុងមាត្រា១ បានកំណត់តំបន់គ្រប់គ្រងក្នុងឧទ្យានជាតិព្រះសីហនុ «រាម» លើផ្ទៃដីទំហំ ២,៣៧៧ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងឃុំរាម ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ជួលទៅឱ្យក្រុមហ៊ុន អេវើរប្ដីន សាក់សេស អែន អាស៊ី រីសត ឌីវេលុប្បមែន ខូអិលធីឌី ដើម្បីធ្វើការវិនិយោគអភិវឌ្ឍន៍លើវិស័យទេសចរណ៍។ បន្ទាប់ពីទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ក្រុមហ៊ុនទាំងពីរបានដំណើរការគម្រោងវិនិយោគរបស់ខ្លួន នៅលើទីតាំងដែលបានផ្តល់ជូនតាមរយៈកិច្ចសន្យាជួលចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ ។

ទន្ទឹមនឹងការអភិវឌ្ឍ ក៏មានសកម្មភាពលួចកាប់ទន្ទ្រាន រុករានយកដីព្រៃ ធ្វើជាកម្មសិទ្ធិនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ «រាម» បានកើតឡើងជាបន្តបន្ទាប់ផងដែរ។ សកម្មភាពទាំងនោះបានបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ និងបានធ្វើឱ្យរាំងស្ទះដល់ការអនុវត្តគម្រោងរបស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិស្របច្បាប់ពីរាជរដ្ឋាភិបាល។

សកម្មភាពល្មើសច្បាប់ទាំងនេះ គឺត្រូវបានអាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចបានចុះធ្វើការណែនាំ និងចាត់វិធានការជាបន្តបន្ទាប់។ រហូតដល់ឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ បានបង្កើតក្រុមការងារចម្រុះចុះវាស់វែង និងកំណត់អត្ត សញ្ញាណក្បាលដីរបស់ប្រជាពលរដ្ឋ ដែលបាននិងកំពុងរស់នៅ អាស្រ័យផលលើដីដែលមានផលប៉ះពាល់ក្នុងតំបន់វិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនឃីចៀ ធូរីហ៉ឹម ឌីវេឡុបមេន ខមភេនី និងក្រុមហ៊ុន អេវើរប្រឺន សាក់សេសអែន អាស៊ី រី សត ឌីវេលុប្បមែន ខូអិលធីឌី។

នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាល ក៏បានចេញអនុក្រឹត្យថ្មីមួយ ស្ដីពីការកំណត់ជាតំបន់សហគមន៍នៃឧទ្យានជាតិព្រះសីហនុរាម លើផ្ទៃដីទំហំ ៦៦៧.៩៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបានកាត់ឆ្កៀលចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែង នៅក្នុងតំបន់ខាងលើរួចរាល់ហើយ។ ដូច្នេះក្រុមហ៊ុនទាំងពីរនេះ គឺអាចដំណើរការក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ របស់ខ្លួនបន្ត។

គួររំលឹកឡើងវិញថា គម្រោងអភិវឌ្ឍន៍ទេសចរណ៍ «ទីក្រុងរាម» នៅក្នុងតំបន់ទេសចរណ៍នាគរាជ ខេត្តព្រះសីហនុ ដែលស្នើដោយក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន ឯ.ក។ គម្រោងនេះស្ថិតលើផ្ទៃដីទំហំ ៨៣៤ហិកតាត្រូវបានប៉ាន់ប្រមាណថា នឹងមានទុនវិនិយោគរហូតដល់ ១៦ពាន់លានដុល្លារអាមេរិក។

ដើម្បីឲ្យប្រិយមិត្តជ្រាបកាន់តែច្បាស់សូមអញ្ជើញអានសេចក្ដីប្រកាសព័ត៌មាន ដូចខាងក្រោម៖

Advertisement