Connect with us

ព័ត៌មានអន្តរជាតិ

អ្នកស្រាវជ្រាវវ៉ាក់សាំង COVID-19​ ជនជាតិអាមេរិក បាននិយាយថា សូមកុំរំពឹងឲ្យសោះថាវ៉ាក់សាំង COVID-19 អាចមាននៅឆ្នាំនេះ

បរទេស៖ អ្នកស្រាវជ្រាវវ៉ាក់សាំងឈានមុខគេនៅអាមេរិក លោក Mark Mulligan​ ដែលត្រួតពិនិត្យការសាកល្បងវ៉ាក់សាំងការពារ COVID-19 បាននិយាយថា អ្នកវិទ្យាសាស្ត្រនៅមិនទាន់ដឹងច្បាស់ទេពីកាលបរិច្ឆេទដែលវ៉ាក់សាំងត្រូវបានរកឃើញ ហើយដាក់ចេញឲ្យប្រើប្រាស់ជាសកលនោះទេ ប៉ុន្តែវាត្រូវបានគេប៉ាន់ស្មានថាវ៉ាក់សាំងការពារអាចឈានរហូតដល់ខែមេសា ឬខែឧសភា ឆ្នាំក្រោយទើបអាចដាក់ចេញឲ្យប្រើប្រាស់ផ្លូវការបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិត Mark Mulligan​​ បាននិយាយនៅលើកញ្ចក់ទូរទស្សន៍​ CNN ថា​ ពួកយើងត្រូវការរយៈពេលមួយឆ្នាំពេញ ដែលវាគឺជាដំណើរការដែលកំពុងផ្ទុះឡើងសម្រាប់ការអភិវឌ្ឍវ៉ាក់សាំង។ លោកបានបន្ថែមទៀតថា អ្វីៗគ្រប់យ៉ាងសុទ្ធតែត្រូវការពេលវេលា ហើយមនុស្សសូមកុំរំពឹងទុកថាវ៉ាក់សាំងអាចនឹងមានឆាប់ៗនេះ គឺវាមិនអាចទៅរួចនោះទេ។

លោក Mark Mulligan​​ គឺជានាយកមជ្ឈមណ្ឌលចាក់ថ្នាំបង្ការនៅឯសាកលវិទ្យាល័យ NYone’s Langone Health ហើយបច្ចុប្បន្ននេះលោកកំពុងធ្វើការជាមួយ Pfizer Inc និង BioNTech SE ក្នុងដំណើរការស្វែងរកវ៉ាក់សាំងឲ្យមានភាពប្រាកដជាក់លាក់ណាមួយដើម្បីជួយស្រោចស្រង់ជីវិតមនុស្សជាតិទាំងឡាយ។

សាលាវេជ្ជសាស្ត្រ NYU Grossman នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ​ និងសាកលវិទ្យាល័យ​ Maryland គឺជាមជ្ឈមណ្ឌលដំបូងបង្អស់ក្នុងការចុះឈ្មោះអ្នកជម្ងឺក្នុងការធ្វើតេស្តវ៉ាក់សាំងសម្រាប់វីរុសនេះ។ អ្នកចូលរួមសិក្សាបានចាក់វ៉ាក់សាំងនៅសប្តាហ៍នេះ។ Pfizer និង BioNTech បានចាប់ផ្តើមការសាកល្បងស្រដៀងគ្នានៅក្នុងប្រទេសអាល្លឺម៉ង់ ដែលបានធ្វើឡើងកាលពីសប្ដាហ៍មុននេះ។

គួរជម្រាបថា គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ប្រទេសសហរដ្ឋអាមេរិក​ បានរកឃើញករណីអ្នកឆ្លង COVID-19 សរុបចំនួន១,២៦៣,០៩២នាក់ ខណៈអ្នកស្លាប់បានកើនឡើងដល់៧៤,៧៩៩ ហើយចំនែកអ្នកត្រូវបានព្យាបាលជាសះស្បើយមានចំនួនសរុប២១២,៩៨១នាក់ ៕

Advertisement