បរទេស៖ ទីក្រុងប៉េកាំង កាលពីថ្ងៃពុធទី៦ ខែឧសភា បានបដិសេធ មិនឲ្យមានការស៊ើបអង្កេតអន្តរជាតិ ទៅលើប្រភពជំងឺកូវីដ១៩ ដែលកើតមានដំបូងនៅទីក្រុងវូហាន។ ប្រទេសចិន តាមរយៈ ឯកអគ្គរដ្ឋទូត ប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ខ្លួនមិនទទួលសហការឲ្យមានការស៊ើបអង្កេតទេ ដរាបណាជំងឺកូវីដ ១៩ និងការចោទប្រកាន់របស់អាមេរិកទៅភាគីចិន នៅតែបន្តរីករាលដាល ក្នុងពិភពលោក។
“ជាគោលការណ៍ ប្រទេសចិនមិនប្រឆាំងរាល់ទម្រង់ស៊ើបអង្កេត ឬការវាយតម្លៃណាមួយទេ ព្រោះថា ការស៊ើបអង្កេតណាមួយ នឹងជួយឲ្យគេអាចត្រៀមខ្លួនទប់ទល់នឹងស្ថានភាពអាសន្នសុខភាព នៅថ្ងៃអនាគត។ ប៉ុន្តែ ស្ថានភាពបច្ចុប្បន្ននេះ គេមិនអាចខាតពេលដើម្បីសង្រ្គោះជីវិតមនុស្សនោះទេ”។ នេះជាការបកស្រាយរបស់លោក Chen Xu ឯកអគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃ ពុធ នៅទីក្រុងហ្សឺណែវ។
ឆ្លើយនឹងសំណួរបស់អ្នកកាសែត ស្តីពីការស្នើឡើងរបស់អង្គការសុខភាពពិភពលោក ដែលចង់បញ្ជូន អ្នកជំនាញទៅទីក្រុងវូហាន ដែលជាប្រភពកើតដំបូង នៃជំងឺកូវីដ ១៩ អ្នកតំណាងរបស់ប្រទេសចិន បានវាយតម្លៃថា កាលៈទេសៈបច្ចុប្បន្នមិនអំណោយផលឲ្យគេបើកការស៊ើបអង្កេតនោះទេ។
តាមឯកអគ្គរដ្ឋទូតចិន គេត្រូវកំណត់អាទិភាពដែលត្រូវធ្វើ ពោលគឺប្រមូលផ្តុំកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ រហូតដល់ទទួលជ័យជំនះ។ ម្យ៉ាងទៀត ដើម្បីឲ្យមានការស៊ើបអង្កេត ចិនក៏ត្រូវការឲ្យមានបរិយាកាសល្អ ផងដែរ។
អ្នកតំណាងចិន នៅអង្គការសហប្រជាជាតិ ចង់សំដៅដល់ថ្នាក់ដឹកនាំអាមេរិក ដែលបានចោទប្រកាន់ថា មេរោគកូវីដ១៩លេចធ្លាយចេញពីមន្ទីរពិសោធន៍មេរោគក្នុងទីក្រុងវូហាន។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC កាលពីថ្ងៃអាទិត្យ ប្រមុខការបរទេសអាមេរិក បានអះអាងថា គេមានភស្តុតាងដែលបញ្ជាក់ថា អាជ្ញាធរចិនបណ្តែតបណ្តោយឲ្យមេរោគកូវីដ ១៩ លេចចេញពីមន្ទីរពិសោធន៍នៅក្រុងវូហាន។
ឯកអគ្គរដ្ឋទូត ចិន បានទាមទារឲ្យប្រធានាធិបតីនិង រដ្ឋមន្រ្តីការបរទេសអាមេរិកបង្ហាញភស្តុតាង ឲ្យគ្រប់គ្នាបានដឹង ជាជាងដើរចង្អុរចោទប្រកាន់គេឯង។ បើតាមលោក មានអ្នកតែអ្នកវិទ្យាសាស្រ្តដែលអាចឆ្លើយនឹងសំណួរខាងលើបាន។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនវិញកាលពីថ្ងៃពុធបាននិយាយថា អាមេរិក គ្មានភស្តុតាងនោះទេ។ សម្រាប់ប៉េកាំង ដោយព្យាយាមបំបែរចំណាប់អារម្មណ៍ មិនចង់ទទួលខុសត្រូវលើបញ្ហាកូវីដដែលកំពុងធ្លាក់ធ្ងន់ធ្ងរ ក្នុងប្រទេស លោកដូណាល់ ត្រាំ និងរដ្ឋមន្រ្តីការបរទេសកំពុងបង្កលំបាកដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ។ “យើងមិនអាចអត់ឱនឲ្យមេរោគនយោបាយ រីកសាយភាយដោយសេរីនោះទេ។ គេគួរតែផ្តោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងមេរោគពិតប្រាកដ ដូចជាកូវីដ” នេះជាយោបល់របស់ឯកអគ្គរដ្ឋទូតចិន។
ខណៈពេលដែលចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ កើនឡើងជាង ៧ម៉ឺននាក់ នៅអាមេរិក លោកដូណាល់ ត្រាំ បានទម្លាក់កំហុសលើទីក្រុងប៉េកាំងថា គ្មានតម្លាភាព និងគ្រប់គ្រងមិនបានល្អបញ្ហាកូវីដ រហូតធ្វើឲ្យបែកសាយភាពពេញពិភពលោក។ ដើម្បីសងសឹក ប្រទេសចិន រដ្ឋបាលលោកដូណាល់ ត្រាំ នាពេលថ្មីៗនេះ បានគំរាម ចាត់វិធានការ ដំឡើងពន្ធលើទំនិញចិន៕
ប្រភព៖ RFi