Connect with us

ព័ត៌មានជាតិ

សមាគមរោងចក្រ ស្នើឲ្យម្ចាស់អគារដែលជួលកន្លែងឲ្យរោងចក្រគួរតែចុះថ្លៃឈ្នួលយ៉ាងតិច៣០ភាគរយរយៈពេល៣ទៅ៦ខែ

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សុំឲ្យម្ចាស់អគារទាំងអស់ដែលកំពុងជួលកន្លែងឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ចុះថ្លៃឈ្នួលយ៉ាងតិច៣០ភាគរយរយៈពេល៣ទៅ៦ខែ ដើម្បីជួយសម្រួលដល់ការចំណាយរបស់រោងចក្រ និងសេដ្ឋកិច្ចកម្ពុជា។

ក្នុងលិខិតអំពាវនាវមួយចុះថ្ងៃទី៨ ខែឧសភា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលផ្សេងទៀតធ្វើនៅកម្ពុជាកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩។

សមាគមមួយនេះបញ្ជាក់ថា ដោយសារឧស្សាហកម្មនេះរងគ្រោះធ្ងន់ធ្ងរពេក បានធ្វើឲ្យរោងចក្រចំនួន១៨០បានព្យួរផលិតកម្មរបស់ខ្លួន ខណៈរោងចក្រចំនួន៦០ផ្សេងទៀត នឹងព្យួរផលិតកម្មរបស់ខ្លួននៅពេលខាងមុខដែរ ដោយសារមិនអាចទ្រទ្រង់បាននូវបន្ទុកចំណាយរបស់រោងចក្រ ខណៈចំណូលរបស់ពួកគេកាន់តែធ្លាក់ចុះខ្លាំង។

GMAC ឲ្យដឹងទៀតថា ការចំណាយរបស់រោងចក្រទៅលើថ្លៃឈ្នួលអគារ និងទីតាំងក៏ជាបន្ទុកចំណាយដ៏ធ្ងន់ធ្ងរមួយដែរ ខណៈដែលសមាជិករបស់ខ្លួនកំពុងរងគ្រោះដោយសារការលុបចោលនៃការបញ្ជាទិញជាច្រើន  និងគ្មានការបញ្ជាទិញថ្មីទៀតនោះ។

GMAC អះអាងថា ការចុះថ្លៃឈ្នួលរបស់ម្ចាស់អគារ និងម្ចាស់ទីតាំងនឹងអាចជួយសម្រាលដល់បន្ទុកចំណាយរបស់រោងចក្រ និងចូលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីទ្រទ្រុងវិស្ស័យនេះ៕

អត្ថបទ៖ KBN News

Advertisement