បរទេស៖ លោកយាយជនជាតិថៃ ដែលជាជនក្រីក្រម្នាក់ នៅក្នុងចំនោមជនក្រីក្រនៅក្នុងប្រទេសថៃ ដោយកាលពីពេលថ្មីៗនេះរដ្ឋាភិបាលបានកំណត់ចែកថវិការដល់ពលរដ្ឋដែលខ្វះខាតជួបការលំបាកនៅក្នុងអំឡុងពេល COVID-19 ដោយក្នុងម្នាក់ទទួលបាន៥ ០០០បាត លោកយាយក៏បានទទួលប្រាក់នោះដែរ ប៉ុន្តែដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺលោកយាយបានយកប្រាក់ទាំងអស់ទៅទិញគ្រឿងឧបភោគជាច្រើន ដើម្បីចែកជូនដល់អ្នកខ្វះខាតជាងលោកយាយ ដែលធ្វើឲ្យមហាជនជាច្រើនស្ញប់ស្ញែងនូវសណ្ដានចិត្តរបស់លោកយាយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត័មាន Kapook នាថ្ងៃទី១៤ ខែឧសភានេះ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា លោកយាយដ៏ចិត្តល្អនេះមានឈ្មោះ អែត អាយុ៥៥ឆ្នាំ បើតាមពិនិត្យនៅលើវីដេអូ ដោយលោកយាយបានធ្វើសកម្មភាពកំពុងតែរៀបចំស្បៀងអាហារដែលទើបនឹងទិញពីផ្សារមានដូចជា មី ត្រីខ អង្ករ សាប៊ូ ដើម្បីនាំយកទៅដាក់នៅក្នុងទូរអាហារសម្រាប់អ្នកដែលមានភាពខ្វះខាតអាចទៅបើកទូរយកទៅបរិភោគបាន នៅក្នុងបរិវេណមុខស្ថានីយ៍ប៉ូលីសស្រុកស្វែងហារ ខេត្តអាងថង។

ជាមួយគ្នានោះដែរមានលោកប៉ូលីសម្នាក់ឈ្មោះ ម៉ានអុនសេន មោះអានិត បានឃើញសកម្មភាពរបស់លោកយាយអែត ហើយលោកបានសួរនាំលោកយាយថា ហេតុអ្វីក៏លោកយាយមិនទុកស្បៀងអាហារទាំងអស់នេះសម្រាប់បរិភោគខ្លួនឯង បែរជាយកអាហារទាំងអស់នេះទៅដាក់នៅក្នុងទូរ ខណៈសព្វថ្ងៃនេះលោកយាយកំពុងតែមានភាពខ្វះខាត តើវាមិនពិបាកពេកទេសម្រាប់លោកយាយ? លោកយាយក៏បានឆ្លើយប្រាប់ទៅវិញថា ខ្ញុំក៏មានការលំបាកដែរ ប៉ុន្តែបន្ទាប់ពីញ៉ាំរួចខ្ញុំគិតថាមានអ្នកពិបាកជាងខ្ញុំទៅទៀត ដូច្នេះខ្ញុំក៏បានសម្រេចចិត្តចែករំលែកវាជាមួយអ្នកផ្សេងដើម្បីបរិភោគបានទាំងអស់គ្នា លោកយាយបានបន្ថែមទៀតថា ខ្ញុំសប្បាយចិត្តណាស់ចំពោះប្រាក់ដែលគាត់បានទទួលពីរដ្ឋាភិបាល ប៉ុន្តែគាត់ក៏ចង់ទិញរបស់របរខ្លះដើម្បីចែករំលែកជាមួយអ្នកដទៃនៅពេលគាត់កំពុងតស៊ូរស់នៅក្នុងស្ថានភាពដ៏លំបាកនេះ ៕