ប្រទេសចំនួន ១១៦ រាប់ទាំងរុស្ស៊ី បានគាំទ្រសំណើរបស់អឺរ៉ុបស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ លើប្រភពនៃវីរុសកូវីដ១៩ នៅទីក្រុងវូហាន ដើម្បីបិទបញ្ចប់ភាពចម្រូងចម្រាសនានា លើមូលហេតុនៃការសាយភាយរបស់មេរោគដែលបានសម្លាប់មនុស្សអស់ជាង ៣សែននាក់នៅជុំវិញសកលលោក។
ការជំរុញនេះ ធ្វើឡើងនៅអំឡុងកិច្ចប្រជុំមហាសន្និបាតសុខភាពពិភពលោកលើកទី៧៣ រៀបចំឡើងតាមប្រព័ន្ធអនឡាញនៅថ្ងៃម្សិលមិញ និងនៅថ្ងៃអង្គារទី១៩ ខែឧសភានេះ ដោយមានប្រទេសជាសមាជិកចូលរួមទាំងអស់ចំនួន ១៩៤ប្រទេស។
តាមកាសែតអូស្ត្រាលី DailyTelegraph ចុះផ្សាយនៅថ្ងៃម្សិលមិញ ឱ្យដឹងថា ប្រទេសចំនួន ១១៦នោះ មានរាប់ទាំងរុស្ស៊ី អូស្ត្រាលី អង់គ្លេស ជប៉ុន និងប្រទេសនៅតំបន់អាហ្វ្រិកទាំងអស់ បានបោះឆ្នោតគាំទ្រលើសំណើឱ្យមានការចុះស៊ើបអង្កេតជាលក្ខណៈអន្តរជាតិលើជំងឺកូវីដ១៩ ស្នើដោយសហភាពអឺរ៉ុបទៅដល់អង្គមហាសន្និបាត។
សំណើនេះដែរ ធ្វើឡើងដើម្បីបិទបញ្ចប់បញ្ហាដ៏ចម្រូងចម្រាសរវាងសហគមន៍អន្តរជាតិ រួមមានប្រទេសលោកខាងលិច និងអាមេរិក ជាមួយរដ្ឋាភិបាលចិន ទាក់ទងការចោទប្រកាន់ថា ចិនបានប្រព្រឹត្តកំហុសនាំឱ្យរីកសាយភាយវីរុសកូរ៉ូណាថ្មីចេញពីមន្ទីរពិសោធក្រុងវូហាន។
ថ្លែងនៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ប្រធានាធិបតីចិន លោក ស៊ី ជីងពីង គាំទ្រការស៊ើបអង្កេតជាសកលទៅលើមេរោគ ប៉ុន្តែ លោកថា កិច្ចការនេះគួរតែត្រូវរង់ចាំរហូតដល់ស្ថានភាពរាតត្បាតលើពិភពលោកស្ងប់ស្ងាត់សិន ហើយលោកស្នើឱ្យប្រទេសនានាគួរផ្តោតលើការជួយសង្គ្រោះជីវិតមនុស្សជាកិច្ចការបន្ទាន់បំផុត។
លោក ស៊ី មានប្រសាសន៍ក្នុងវីដេអូផ្សាយផ្ទាល់លើ Facebook កាសែត Xinhua ថា៖ «ចិនគាំទ្រគំនិតចូលរួមជាសកលលើការត្រួតពិនិត្យសារឡើងវិញឱ្យបានជាក់ច្បាស់ទៅលើមេរោគកូវីដ១៩ ក្រោយមេរោគនេះអាចគ្រប់គ្រងបាន ហើយដើម្បីបង្កើនបទពិសោធ និងការដានឱ្យមានប្រសិទ្ធភាព កិច្ចការនេះគួរត្រូវបានធ្វើឡើងដោយផ្អែកតាមវិទ្យាសាស្រ្ត និងបទដ្ឋានវិជ្ជាជីវៈ ដឹកនាំដោយអង្គការសុខភាពពិភពលោក ហើយធ្វើឡើងដោយឥតលម្អៀង»។
យ៉ាងណា កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំងបានយល់ព្រមឱ្យក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) ធ្វើការជាមួយក្រុមអ្នកវិទ្យាសាស្រ្តវេជ្ជសាស្រ្តរបស់ចិនលើបញ្ហាមេរោគរាតត្បាតសកល ប៉ុន្តែ ប្រធានអង្គការអន្តរជាតិមួយនេះ គឺលោក Tedros Adhanom ត្រូវបានអាមេរិកប្រកាសដកសេចក្តីទុកចិត្តក្នុងកិច្ចការនេះ ៕