ម៉ូស្គូ ៖ លោក Sergei Ryabkov អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានថ្លែងប្រាប់អ្នកសារព័ត៌មានថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះថា បញ្ហានៃការបញ្ជូនម៉ាស៊ីនជំនួយដង្ហើមរបស់សហរដ្ឋអាមេរិក មកកាន់ប្រទេសរុស្ស៊ី កំពុងត្រូវបានពិចារណា នៅពេលនេះ ។
លោក Sergei Ryabkov បាននិយាយថា «ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា នៅពេលដែលសហរដ្ឋអាមេរិក បានបង្កើតផលិតកម្ម ឧបករណ៍ជំនួយដង្ហើម ពួកគេនឹងត្រៀមខ្លួនចែករំលែកជាមួយយើង ។ យើងបានសម្តែងការដឹងគុណចំពោះលទ្ធភាពនេះ ហើយបញ្ហានេះ កំពុងត្រូវបានពិចារណានៅពេលនេះ ។ យើងជឿជាក់ថា ជំនួយទៅវិញទៅមកនេះ គឺជារឿងធម្មតាទេ» ។
កាលពីក្នុងខែមេសា ប្រទេសរុស្ស៊ី បានបញ្ជូនការផ្គត់ផ្គង់វេជ្ជសាស្ត្រ ទៅកាន់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយ នៃជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ។ លោក ត្រាំ បានពណ៌នាកាលនោះថា ការផ្តល់ជំនួយនេះ ជាកាយវិការសុច្ឆន្ទៈរបស់រុស្ស៊ី ។
អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ី អាចទទួលយកការផ្តល់ជូនរបស់សហរដ្ឋអាមេរិក ចំពោះការផ្តល់ម៉ាស៊ីនបំពង់ខ្យល់សួតនេះ ប្រសិនបើចាំបាច់ ៕