Connect with us

ព័ត៌មានកីឡា

Ronaldo មិន​ចូល​និវត្តន៍​ទេ​លុះត្រាតែ​បំបែក​កំណត់​ត្រា​អស្ចារ្យ​១​របស់ Pele បាន

តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន The Sun បាន​ចេញផ្សាយ​ថា ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo នឹង​មិន​ចូល​និវត្តន៍​ពី​បាល់ទាត់​ឡើយ​រហូត​ទាល់តែ​គាត់​តាម​ទាន់​កំណត់​ត្រា​ដ៏​អស្ចារ្យ​បំផុត​របស់​វិ​រ​បុរស​ប្រេ​ស៊ី​ល Pele នេះ​ជា​ការ​លើក​ឡើង​របស់​អតីត​ខ្សែការពារ​ក្រុម​បី​សាច​ក្រហម Gary Neville ។

Ronaldo ដែល​បច្ចុប្បន្ន​មាន​វ័យ​៣៥​ឆ្នាំ ប៉ុន្តែ​នៅ​តែ​មានឈ្មោះ​ថា​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​របស់ Juventus ហើយ​គិត​មក​ទល់​នឹង​ពេល​នេះ​គាត់​រកបាន​៧២៥​គ្រាប់​ហើយ​ក្នុង​នាម​ជា​កីឡាករ​អាជីព ។ កីឡាករ​រូប​នេះ​ក៏​ជាប់​កំណត់​ត្រា​នៅ​ក្លឹ​ប​ចាស់​របស់​គាត់ Real Madrid ដោយ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹ​ប ។

យ៉ាងណាមិញ​ចំនួន​គ្រាប់​បាល់​របស់ Ronaldo នៅ​តែ​តាម​ពីក្រោយ​កំណត់​ត្រា​រក​គ្រាប់​របស់ Pele ឆ្ងាយ​នៅឡើយ ដោយ​វិ​រ​បុរស​ប្រេ​ស៊ី​ល​រកបាន​ដល់​ទៅ​១២៨១​គ្រាប់​ក្នុង​ការ​លេង​១៣៦៣​ប្រកួត​ក្នុង​អាជីព​របស់​គាត់ មាន​ន័យ​ថា Ronaldo ត្រូវការ​៥៥៦​គ្រាប់​ទៀត​ដើម្បី​តាម​ស្មើ Pele ។

អតីត​មិត្ត​រួម​ក្រុម​របស់​អតីត​ខ្សែប្រយុទ្ធ​ក្រុម​បី​សាច​ក្រហម Gary Neville ជឿ​ថា Cristiano Ronaldo គឺជា​កីឡាករ​មាន​មហិច្ឆតា និង​ចង់អោយ​គ្រប់​គ្នា​ទទួលស្គាល់​គាត់​ថា ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដោយ​ចង់​បំបែក​កំណត់​ត្រា​របស់ Pele ។

Neville ប្រាប់ Sky Sport ថា «​ខ្ញុំ​មានការ​ជឿជាក់​ថា Ronaldo ចង់​ផ្តួល​កំណត់​ត្រា​គ្រាប់​បាល់​របស់ Pele ហើយ​វា​ជា​អ្វី​ដែល​គាត់​គិត​ក្នុង​ចិត្ត​» ។ Ronaldo ជា​កីឡាករ​ដែល​បាន​បង្កើត​កំណត់​ត្រា​រាប់​មិន​អស់​នៅ​ក្នុង​ពិភព​បាល់​ទាល់ ហើយ​បើ​ទោះបីជា​បច្ចុប្បន្ន​គាត់​មាន​វ័យ​ជ្រេរ​បន្តិច​មែន ប៉ុន្តែ​គាត់​នៅ​តែ​អាច​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​២១​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​២២​លើក​អោយ Juventus រដូវ​កាល​នេះ ៕

Advertisement