ភ្នំពេញ៖ ក្រោយពីមានការសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅភាគខាងជើងរាជធានីភ្នំពេញ រដ្ឋាភិបាលកម្ពុជា គ្រោងនឹងសង់ស្តូបអនុស្សារីយ៍នយោបាយឈ្នះឈ្នះបន្ថែមទៀត នៅតាមបណ្តាខេត្តមួយចំនួន រួមមាន កោះកុង ឧត្តរមានជ័យ ប៉ៃលិន និង កំពង់ស្ពឺ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិ បានចេញផ្សាយថា ខេត្តកោះកុងជាខេត្តមុនគេ ដែលនឹងត្រូវចាប់ផ្តើមសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅក្នុងចំនោមបណ្ដាខេត្តមួយចំនួនដែលរដ្ឋាភិបាលបានគ្រោងទុក។
បើតាមគេហទំព័រក្រសួងការពារជាតិ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង នឹងត្រូវសាងសង់ឡើង ដោយយកទម្រង់តាមសំណង់នៃវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅរាជធានីភ្នំពេញ ហើយស្តូបនេះ មានកម្ពស់៤៣ម៉ែត្រ ស្ថិតនៅលើភ្នំ ក្នុងភូមិបឹងឃុនឆាំង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ចំណែកស្តូបអនុស្សាយ៍នយោបាយឈ្នះឈ្នះបីកន្លែងទៀត នឹងត្រូវកសាងឡើង នៅតំបន់អន្លុងវែង ខេត្តឧត្តរមានជ័យ នៅតំបន់ប៉ៃលិន (ប្រហែលក្នុងក្រុងប៉ៃលិន) និង នៅតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ស្តូបទាំងបីកន្លែងនេះ នឹងត្រូវចាប់ផ្តើមសាងសង់ជាបន្តបន្ទាប់គ្នា នៅក្រោយពីរដ្ឋាភិបាល សាងសង់នៅខេត្តកោះកុងរួច។
ស្តូបអនុស្សាវរីយ៍នយោយបាយឈ្នះឈ្នះតាមបណ្តាខេត្ត ហៅត្រឹមជាស្តូប គឺមិនហៅជាវិមាន ដូចវិមានអនុស្សារីយ៍នយោបាយឈ្នះឈ្នះនៅភ្នំពេញឡើយ។ នេះជាការបញ្ជាក់របស់លោក ណឹម សុវត្ថិ ដោយលោក បន្ថែមថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះទាំងនោះ មានទំហំតូចជាង (និងមានកម្ពស់ទាបជាង) វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ។
សូមបញ្ជាក់ថា វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅភ្នំពេញ មានកម្ពស់៥៤ម៉ែត្រ និងត្រូវបានសាងសង់ឡើងលើផ្ទៃដី៨ហិកតានៅសង្កាត់បាក់ខែង ខណ្ឌ័ជ្រោយចង្វា ដែលស្ថិតនៅទល់មុខពហុកីឡាដ្ឋានជាតិមរតកតេជោ។ វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ចំណាយទឹកប្រាក់អស់១២លានដុល្លារ និងចំណាយពេលជិតបីឆ្នាំក្នុងការសាងសង់ គឺចាប់ផ្តើមតាំងពីដើមឆ្នាំ២០១៦ ហើយរួចរាល់និងសម្ពោធនៅខែធ្នូ ឆ្នាំ២០១៨ ៕