Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនមេខ្លោងម្នាក់ពូកែខាងដឹកនាំពលរដ្ឋចូលកាប់ព្រៃទន្ទ្រានយកដីក្នុងតំបន់អភិរក្ស

ខេត្តមណ្ឌលគិរី ៖ មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលជាមេខ្លោងដឹកនាំពលរដ្ឋចូលទៅកាប់ព្រៃទន្ទ្រានយកដីក្នុងតំបន់របៀងអភិរក្សជីវចម្រុះ និងអារជ្រៀកឈើធ្វើរោងយ៉ាងអនាធិបតេយ្យដោយខុសច្បាប់ ។ បន្ទាប់មក រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។ បុរសជាមេខ្លោង ដែលដឹកនាំពលរដ្ឋចូលទៅកាប់ព្រៃទន្ទ្រានយកដីក្នុងតំបន់របៀងអភិរក្សជីវចម្រុះ ដោយខុសច្បាប់នេះ មានឈ្មោះ គ្រិះ ផន អាយុ៥០ឆ្នាំ មានលំនៅ ក្នុងភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ មន្ត្រីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានកោះអញ្ជើញបុរសខាងលើ មកសាកសួរនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងករណីកាន់កាប់ដីព្រៃ និងធ្វើសកម្មភាពអារជ្រៀកឈើ ធ្វើរោងយ៉ាងអនាធិបតេយ្យដោយខុសច្បាប់ ក្នុងរូបភាពនៃការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ និងធ្វើសកម្មភាពរារាំងមន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិក្នុងការបំពេញភារកិច្ច នៅក្នុងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ បន្ទាប់ពីសាកសួររួចរាល់ មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនបុរសរូបនេះ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

Advertisement