Connect with us

ព័ត៌មានអន្តរជាតិ

អា​មេ​រិ​ក​គ្រោង​ធ្វើតេស្ត​វ៉ាក់សាំង Covid-19 លើ​មនុស្ស​ជាង​១០​ម៉ឺន​នាក់

យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២០ បាន​ចេញផ្សាយ​ថា អា​មេ​រិ​ក​មាន​គម្រោង​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​លើ​វ៉ាក់សាំង Covid-19 លើ​មនុស្ស​ច្រើន​ជាង​១០០០០០​នាក់​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​វ៉ាក់សាំង​ដែល​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ត្រឹម​ចុងឆ្នាំ​២០២០ នេះ ។

លោក​វេជ្ជបណ្ឌិត Larry Corey អ្នកជំនាញ​វ៉ាក់សាំង​មក​ពី​មជ្ឈមណ្ឌល​ជំងឺមហារីក Fred Hutchinson Cancer Center ក្នុង​ទីក្រុង Seattle ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ៖ «​អ្នក​ស្ម័គ្រចិត្ត​ចន្លោះ​ពី ១០០,០០០​នាក់ ដល់ ១៥០,០០០​នាក់​អាច​នឹង ចុះ​ឈ្មោះ​ក្នុង​ការ​ធ្វើតេស្ដ​ទ្រង់ទ្រាយ​ធំ​លើ​វ៉ាក់សាំង COVID-19» ។

លោក Larry Corey បាន​បន្ថែម​ថា គម្រោង​នេះ​នឹង​បង្រួម​រយៈពេល​ផលិត និង​អភិវឌ្ឍ​វ៉ាក់សាំង​ដែល​ជា​ធម្មតា​ត្រូវ​ចំណាយពេល ១០​ឆ្នាំ ឱ្យមក​ត្រឹម​ប៉ុន្មាន​ច្រើន​ខែ ដើម្បី​ចូលរួម​ជា​បន្ទាន់​ក្នុង​ការ​កម្ចាត់ COVID-19 ដែល​បាន​ផ្ដាច់ជីវិត​មនុស្ស​ច្រើន​ជាង ៣៣៥,០០០​នាក់ និង​ឆ្លង​ច្រើន​ជាង ៥​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក ខណៈ​សេដ្ឋកិច្ច​សកល​កំពុង​រង្គោះរង្គើរ ។

គួរ​បញ្ជាក់​ថា ដើម្បី​សម្រេច​វត្ថុបំណង​ខាងលើ ក្រុមហ៊ុន​អ្នក​ផលិត​វ៉ាក់សាំង​ឈានមុខ​គេ​មួយ​ចំនួន បាន​យល់ព្រម​ចែករំលែក​ទិន្នន័យ និង​អនុញ្ញាត​ប្រើប្រាស់​នូវ​បណ្ដាញ ធ្វើតេស្ដ​របស់​ពួក​គេ​ទៅ​កាន់​គូប្រជែង នៅ​ក្នុង​ករណី​ដែល​ការ​ធ្វើតេស្ដ​របស់​ពួក​គេ​បរាជ័យ​។ វ៉ាក់សាំង​ច្រើន​ដែល​បាន​បង្ហាញ​សុវត្ថិភាព នៅ​ក្នុង​ការ​ធ្វើតេស្ដ​ទ្រង់ទ្រាយ​តូច នា​ពេល​កន្លង​មក​នឹង​ត្រូវ​បាន​ធ្វើតេស្ដ​ទ្រង់​ទ្រង់​ធំ​បង្គួរ ដោយ​មាន​អ្នក​ស្ម័គ្រចិត្ត​ចូលរួម ២០,០០០​នាក់ ដល់ ៣០,០០០​នាក់ ដែល​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ខែកក្កដា ខាង​មុខ​៕

Advertisement