Connect with us

ព័ត៌មានជាតិ

វៀតណាម​អញ្ជើញ​អាជ្ញាធរ​កម្ពុជា​ឲ្យ​មក​ពិនិត្យ​រួម​គ្នា តង់​នៅ​តាម​ព្រំដែន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ក្នុង​ខេត្ត​អាន​យ៉ាង របស់​ប្រទេស​វៀតណាម បាន​អញ្ជើញ​សម​ភាគី​ខេត្តកណ្តាល របស់​កម្ពុជា ឱ្យធ្វើ​អធិការកិច្ច​រួម​គ្នា នៅ​ឯ​តំបន់​ពុំ​ទាន់​កំណត់ព្រំដែន ដែល​ទាហាន​វៀតណាម​បាន​រៀបចំ​តង់ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​៩ មិថុនា ២០២០​នេះ ។

ទោះ​យ៉ាងណា​មន្ត្រី​កម្ពុជា មិន​បាន​ឆ្លើយ​តប​ជា​ផ្លូវការ ចំពោះ​ការ​អញ្ជើញ​នេះ​ទេ ។

ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក វ៉ូ ក្វា​ង មិ​ញ បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដែរ​ថា អាជ្ញាធរ​នៅ​ក្នុង​ខេត្ត​អាន​យ៉ាង បាន​អញ្ជើញ​សម​ភាគី​កណ្តាល​របស់​ខ្លួន ឲ្យ​ធ្វើ​អធិការកិច្ច​រួម​គ្នា នៅ​លើ​ដី​នៅ​តំបន់​ដែល​តង់​ត្រូវ​បាន​បង្កើត​ឡើង ។ លោក​ថា អាជ្ញាធរ​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​ខេត្តកណ្តាល ។

កាលពី​ម្សិលមិញ ឯកអគ្គរដ្ឋទូត​លោក វ៉ូ ក្វា​ង មិ​ញ បាន​និយាយ​ថា ការ​អញ្ជើញ​នេះ​មាននៅ​ក្នុង​លិខិត​មួយ ដែល​បាន​ផ្ញើ​ដោយ​មន្ត្រី​ព្រំដែន អាន​យ៉ាង ទៅ​កាន់​សម​ភាគី​របស់​ខ្លួន ដែល​បាន​ផ្តល់​នូវ​កូអរដោនេ នៅ​កន្លែង​ដែល​តង់ ត្រូវ​បាន​បង្កើត​ឡើង ។ លិខិត​នោះ​អះអាង​ថា តង់​ត្រូវ​បាន​ដាក់​ពី​៣០ ទៅ​៥០០​ម៉ែត្រ នៅ​ខាង​វៀតណាម នៃ​បន្ទាត់​ត្រួតពិនិត្យ​នៅ​ព្រំដែន​។

លោក វ៉ូ ក្វា​ង មិ​ញ បាន​ថ្លែង​ថា ប្រសិនបើ​អ្នក (​អាជ្ញាធរ​ខេត្តកណ្តាល​) នៅ​មិន​ទាន់​ច្បាស់​អំពី​កូអរដោនេ ទីតាំង​តង់​ដូចដែល​យើង​បាន​បញ្ជាក់​ខាងលើ សូម​ចូលរួម​ជាមួយ​ក្រុម​ទ្វេភាគី ដើម្បី​ចុះ​ពិនិត្យ​ទីតាំង​តង់​នេះ ឱ្យ​បាន​ឆាប់​បំផុត ។ សូម​ជូនដំណឹង​មក​យើង​បី​ថ្ងៃមុន ពេលវេលា​ដែល​បាន​គ្រោងទុក នៃ​ការ​ត្រួតពិនិត្យ​រួម​គ្នា ។

គួរ​រម្លឹក​ដែរ​ថា កម្ពុជា​តវ៉ា​ទៅ​វៀតណាម ឲ្យ​រុះរើ​តង់​ទាំង​៣១​កន្លែង ឲ្យ​បាន​ឆាប់​ចេញពី​តំបន់​ពុំ​ទាន់​កំណត់ព្រំដែន

សូម​ជម្រាប​ថា មន្ត្រី​នគរបាល​ព្រំដែន​ខេត្តកណ្តាល បាន​ចុះ​ត្រួតពិនិត្យ​នៅ​ជិត​ច្រកព្រំដែន ហើយ​បាន​រក​ឃើញ​ថា ទាហាន​វៀតណាម បាន​បោះ​តង់​ចំនួន ៣១ នៅ​តាម​បណ្តោយ​ព្រំដែន នៅ​ស្រុក​កោះធំ និង​ស្រុក​លើក​ដែក ខេត្តកណ្តាល​របស់​កម្ពុជា ជាប់​ជាមួយ​ខេត្តអាន​យ៉ាង របស់​ប្រទេស​វៀតណាម ។ ប្រទេស​វៀតណាម​បាន​និយាយ​ថា តង់​ទាំងនោះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​ការ​ឆ្លង​ដែន​ខុសច្បាប់​បន្ទាប់​ពី​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បិទ​ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ ៕

Advertisement