រាជធានីភ្នំពេញ ៖ បន្ទាប់ពីមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើបទចម្រៀងមួយបទ «កណ្តៀវអូនស្រួយ» ដែលមានអត្ថន័យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃវប្បធម៌ខ្មែរ ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះបានកោះហៅកញ្ញា បរ៉ាម៉ី ដែលជាម្ចាស់បទអសីលធម៌នេះដើម្បីព្រមាន ។

មហាជនមានការផ្ទុះប្រតិកម្មគ្រប់គ្នាបន្ទាប់ពីមានបទចម្រៀង «កណ្តៀវអូនស្រួយ» បទចម្រៀងបែបកន្ទ្រឹម និងបង្កប់ន័យបែបស៊ីអារម្មណ៍ មិនទៅណាឆ្ងាយពីការសំដៅទៅលើរឿងអាសអាភាសនោះទេ ។ ក្រោយពីបទចម្រៀងនេះ បង្ហោះនៅលើបណ្តាញសង្គមយូធូប បានធ្វើឲ្យមហាជនរិះគន់ព្រោងព្រាត ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានផ្សព្វផ្សាយភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ៖«នៅព្រឹកនេះម្ចាស់បទ «កណ្តៀវអូនស្រួល» បានចូលទៅដោះស្រាយ នៅក្រសួងហើយ ដើម្បីប្រជុំពិភាក្សារកដំណោះស្រាយ ប៉ុន្តែមិនទាន់ចេញលទ្ធផលជាផ្លូវការនោះឡើយ»។

លោក ប៉ុក បូរក្ស បន្តថា «ក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគោលការណ៍ធំៗចំនួន ៥ចំណុច ដែលជាវិធានការដោះស្រាយ។ ទី១៖ អប់រំ និងណែនាំ, ទី២៖ ធ្វើលិខិតព្រមានជាលាយល័ក្ខអក្សរ, ទី៣៖ លុបឈ្មោះជាសិល្បករ និងបញ្ឈប់ ឬផ្អាកសកម្មភាពសិល្បៈ ក្នុងរយៈពេលកំណត់ណាមួយ, ទី៤ និងទី៥ ចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើស្នាដៃរបស់សិល្បករប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងវប្បធម៌» ៕
អត្ថបទ ៖ សំណាង