Connect with us

ព័ត៌មានជាតិ

អគ្គស្នងការ​រង ៖ វៀតណាមដែលបោះ​តង់​ជាប់​នឹង​ព្រំដែន​កម្ពុជា​ចំនួន​ប្រាំបី​កន្លែងមិនមែន​ជា​តំបន់​ស​ទេ

រាជធានីភ្នំពេញ ៖ ឯកឧត្តមនាយ​ឧត្តមសេនីយ៍ ហ៊ូ សា​គុណ អគ្គស្នងការ​រង​នគ​បាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​ព្រំដែន បាន​ថ្លែង​អះអាង​ថា ភាគី​វៀតណាម​ដែល​បាន​បោះ​តង់​ជាប់​នឹង​ព្រំដែន​កម្ពុជា​ចំនួន​ប្រាំបី​កន្លែង នា​ពេល​កន្លង​មក​គឺ​មិនមែន​ជា​តំបន់​ស​នោះ​ទេ វា​គឺជា​តំបន់​ដែល​មិន​ទាន់​បាន​ឯកភាព​គ្នា​ក្នុង​ការ​វាស់វែង​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​។

ថ្លែង​នៅ​ក្នុង​ការ​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ ដល់​នាយ​នគរបាល​ជាន់ខ្ពស់​-​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​សាល​ប្រជុំ​អគ្គស្នងការ​នគរបាល​ជាតិ នា​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ ហ៊ូ សា​គុណ ក្នុង​នាម​ជា​នគរបាល​ជំនាញ​ព្រំដែន​មិន​ត្រូវ​យល់​ច្រឡំ​នោះ​ទេ ខណៈ​មាន​មតិ​ខ្លះ​ថា ការ​បោះ​តង់​បី​កន្លែង​ពី​សំណាក់​ភាគី​វៀតណាម​នា​ពេល​កន្លង​ទៅ​ជាប់​នឹង​ព្រំដែន​ខេត្តកណ្តាល ប្រទេស​កម្ពុជា​នោះ​ថា ជា​តំបន់​សគឺ​មិនមែន​ទេ ហើយ​ត្រូវ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​។

ឯកឧត្តម បាន​លើក​ឡើង​ថា «​យើង​ឃើញ​ថា​នៅ​ព្រំដែន​ជាមួយនឹង​ប្រទេស​វៀតណាម យើង​មើលឃើញ​ថា មាន​ចំនួន​បោះ​តង់​ប្រាំបី​ត្រូវ​បាន​រើ​ចេញ ហើយ​បាន​ដកថយ​ទៅ​ក្រោយ​វិញ ប៉ុន្តែ​ពី​មុន​ពួក​គេ​បាន​មក​បោះ​គៀក​នឹង​ព្រំដែន ហើយ​ការ​គេ​បោះ​នោះ​យើង​មិន​អាច​និយាយ​ថា​ជា​តំបន់​ស​នោះ​ទេ ពីព្រោះ​ថា វា​មិន​ទាន់​បាន​ឯកភាព​គ្នា​ក្នុង​ការ​វាស់វែង​។ ដូច្នេះ​ហើយ​ក្នុង​រយៈពេល​កន្លង​ទៅ​នេះ​ឃើញ​មាន​សាធារណ​មតិ​មួយ​ចំនួន​គាត់​បាន​លើក​ឡើង​ថា ជា​តំបន់​ស តែ​តាម​ពិត​ទៅ​វា​មិនមែន​ជា​តំបន់​ស​ទេ វា​គឺជា​តំបន់​ដែល​មិន​ទាន់​មានការ​ឯកភាព​គ្នា​ក្នុង​ការ​វាសវែង​ខណ្ឌសីមា និង​ការ​បោះបង្គោល​ព្រំដែន​»​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា ចាប់តាំងពី​ករណី​មេរោគ​កូ​វិ​ដ​១៩ មក​ភាគី​វៀតណាម​បាន​បោះ​តង់​ដោយ​ឯកតោភាគី​ចំនួន​២៥៦​កន្លែង នៅ​តាម​ខេត្ត​មួយ​ចំនួន​ដែល​ជាប់​នឹង​ព្រំប្រទល់​វៀតណាម ប៉ុន្តែ​ដោយសារ​មានការ​តវ៉ា​ពី​សំណាក់​រដ្ឋបាល​របស់​កម្ពុជា​យើង ពួក​គេ​បាន​សម្រេច​រើ​ចេញ និង​ថក​ថយ​ជា​ច្រើន​កន្លែង​វិញ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​នៅ​រយៈពេល​ថ្មី​ៗ​នេះ​ពួក​គេ​ក៏​បាន​សង់​ឡើង​ចំនួន​ពីរ​កន្លែង​ផង​ដែរ ដូច្នេះ​យើង​ត្រូវ​ជូនដំណឹង​ទៅ​តាម​រដ្ឋបាល​ដែនដី​ខេត្ត​នីមួយ​ៗ ដើម្បី​ធ្វើ​យ៉ាងណា​ប្រាប់​ដល់​ពួក​គេ​(​វៀតណាម​)​កុំ​ឲ្យ​មាន​ផល​ប៉ះពាល​នៃ​ទំនាក់ទំនង និង​ផលប្រយោជន៍​រវាង​គ្នា និង​គ្នា ដោយសារ​តែ​បញ្ហា​ព្រំដែន​នោះ​។

យ៉ាងណា​ក៏​ដោយ ឯកឧត្តម ហ៊ូ សា​គុណ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​នគរបាល​ព្រំដែន​ទាំងអស់ ត្រូវ​មានការ​ស្មោះត្រង់​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និង​ត្រូវ​ការពារ​ឲ្យ​បាន​ដាច់ខាត់​នូវ​បូរណភាព​ទឹកដី ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ត្រូវ​កំចាត់​ចោល​ពួក​អមិត្ត​ទាំងអស់​ដែល​មាន​ចេតនា​ចង់​បំ​ផ្លិត​បំផ្លាញ​ជាតិ ជាដើម​នោះ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Advertisement