Connect with us

ព័ត៌មានជាតិ

ពុល​ស្រា​ថ្នាំចិនសែ​ច្រើន​ពេក​មន្ត្រី​ជំនាញ​យក​ទៅ​ពិសោធន៍​ស្រាប់តែ​រក​ឃើញ​ករណី​ពិសេស​មួយ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា «​ក​.​ប​.​ប​» កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ បាន​បើក​យុទ្ធនាការ​ពិសេស​ដើម្បី​ស្រាវជ្រាវ និង​អង្កេត​ទៅ​លើ​ករណី​ស្រា​ថ្នាំចិនសែ ក្រោយ​ពី​មាន​ព័ត៌មាន​ពី​ការ​ពុល​ស្រា​ថ្នាំចិនសែ​បណ្តាល​ឲ្យ​មានការ​បាត់បង់​ជីវិត​មនុស្ស​នៅ​ខេត្តបន្ទាយមានជ័យ​កន្លង​មក ។

អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា «​ក​.​ប​.​ប​» បាន​សង្កត់ធ្ងន់​លើ​វិធាន​ការណ៍​សំខាន់​ៗ​ចំនួន​៣ ៖

វិធាន​ការណ៍​ទី​១-​បើក​ការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត កន្លែង​កើតហេតុ ស្ថិត​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ដោយ​បាន​សាកសួរ​ព័ត៌មាន និង​យក​គំរូ​សំណាក ស្រា​ថ្នាំចិនសែ​នេះ មក​វិភាគ​នៅ​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ និង​មន្ទីរពិសោធន៍​ខា្ន​ត​តូច​របស់​សាខា​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ខេត្តបន្ទាយមានជ័យ ។ ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត រក​ឃើញ​សារធាតុ​មេតា​ណុ​ល ក្នុង​កម្រិត​ខ្ពស់​ជាង​០.៣៥% ដែល​ជា​អត្រា​ខ្ពស់ អាច​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​បាន​ប្រសិនបើ​ទទួលទាន​ច្រើន​។

វិធាន​ការណ៍​ទី​២-​មន្ត្រី​ជំនាញ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ផលិត និង​ចែកចាយ​ស្រា​ថ្នាំចិនសែ​នេះ ដោយ​សហការ​ជាមួយ​ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើ​សុំ​បើក​ទីតាំង​ផលិត ដើម្បី​ស្វែងរក​វត្ថុ​តាង និង​រឹបអូស​ផលិតផល​ស្រា​ថ្នាំចិនសែ​ទាំងនោះ​។

វិធាន​ការណ៍​ទី​៣-​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​បញ្ជា​ឱ្យ​សាខា ក​.​ប​.​ប រាជធានី​-​ខេត្ត ទាំងអស់​ប្រមូល​ត្រលប់​មក​វិញ នូវ​ស្រា​ថ្នាំចិនសែ​យីហោ «​តាំង គួ​យ​» ដែល​មានការ​សង្ស័យ មាន​ហានិភ័យ​ដល់​សុខភាព និង​គ្រោះថ្នាក់​ដល់​អាយុជីវិត ដល់​អ្នក​ប្រើប្រាស់ ។

ក្រោយ​ចុះ​ប្រតិបត្តិការ​ទូ​ទាំង​ប្រទេស​ជាបឋម​មន្ត្រី​ជំនាញ​បាន​រឹបអូស​បាន​ស្រា​ថ្នាំចិនសែ​យីហោ «​តាំង គួ​យ​» បាន​ចំនួន​១៣,៩៨៩ ដប ស្នើ​នឹង​៦,៩៩៤.៥០​លី​ត្រ ។ មន្ត្រី​ជំនាញ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កម្ពុជា​សូម​ផ្អាក​ការ​ទទួលទាន​ស្រា​ថ្នាំចិនសែ​«​តាំង គួ​យ​»​នេះ​ជា​ពិសេស​សូមកុំ​ប្រើប្រាស់ ឬ​ទទួលទាន​ស្រា ឬ​ផលិតផល​ណា​ដែល​ពុំ​មាន​ស្លាក​សញ្ញា​ច្បាស់លាស់ ៕

Advertisement