Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជួយមើលផង ! ល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាលក្នុងស្រុកឈូក ខេត្តកំពត ព្រោះមានការឃុបឃិតជាប្រព័ន្ធ

ខេត្តកំពត៖ ប្រភពពីប្រជាពលរដ្ឋក្នុងភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោង យ៉ាងរលូនព្រោះគ្មានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចាត់វិធានកាបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់សមត្ថកិច្ចមូលដ្ឋានថ្នាក់ឃុំថ្នាក់ស្រុកទេនោះ​ គឺគ្មាននរណាអាចបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក បានឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ជាវ តាយ អភិបាលខេត្តកំពត និងលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ពិនិត្យឡើងវិញជាបន្ទាន់ហើយចាត់វិធានការបង្ក្រាបប្រកបដោយប្រសិទ្ធភាព។

បើតាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិឈើទាល បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកជិះម៉ូតូរាប់រយគ្រឿងនិងរថយន្តរាប់​សិបគ្រឿងទៅលេងល្បែងបញ្ជល់មាន់និង​អាប៉ោង យ៉ាងគគ្រឹកគគ្រេងដោយគ្មានមន្ត្រីអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋាន ចាត់វិធានការទប់ស្កាត់ទាល់តែសោះ។ ប្រភពខ្លះ​បានឲ្យដឹងថា ម្ចាស់សង្វៀនបញ្ជល់មាន់និងវង់អាប៉ោង នៅភូមិឈើទាល ឃុំឈូក បង់លុយឲ្យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ដ្នាក់​ ទើបអាចចៀសផុតពីការបង្ក្រាប។ ប្រសិនបើម្ចាស់សង្វៀនបញ្ជល់មាន់នោះមិនបង់លុយឲ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈូក ក៏ដូចជាអធិការនគរបាលស្រុកឈូក និងមន្ត្រីធំៗមួយចំនួនទេនោះគឺរត្រូវប្រឈមនឹងការបង្ក្រាបចៀសមិនផុតឡើយ។

ដោយសារព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គម ទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោក ជាវ តាយ អភិបាលខេត្តកំពត បង្ក្រាបល្បែងស៊ីសងខុសច្បាប់​នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ជាបន្ទាន់។ ប្រជាពលរដ្ឋបានបញ្ជក់ថា រយៈពេលប្រមាណ១សប្តាហ៍ចុងក្រោយនេះ មានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់និងអាប៉ោង នៅភូមិឈើទាលកាន់តែច្រើនឡើងៗហើយមានអ្នកឈរយាមផ្លូវច្រើននាក់ទៀតផង ព្រោះខ្លាចមានការ​បង្ក្រាប។ បើតាមការកត់សម្គាល់ពីប្រជាបលរដ្ឋ បានឲ្យដឹងថា ទំនងម្ចាស់សង្វៀននោះបញ្ជល់មាន់និងវង់អាប៉ោង នោះមានបង្អែករឹងមាំទើបអាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន៕

Advertisement