Connect with us

ព័ត៌មានជាតិ

មាន​អាសូរ​ទ្រូង​ប្រពន្ធ​ពោះធំ​៨​ខែ​បន្តិច​ទេ ! ប្រពន្ធ​ជិត​គ្រប់​ខែ​បែរជា​ត្រូវ​ប្តី​ប្រើ​ល្បី​ច​បោក​១​ក្បាច់ រួច​រត់​តាម​ស្រី​ស្នេហ៍​បាត់​ស្រមោល

រាជធានីភ្នំពេញ ៖ ប្តីជើងល្អដើម្បីតែរត់តាមស្រីស្នេហ៍បានប្រើល្បិចបោកប្រាស់ប្រពន្ធដែលកំពុងតែពពោះកូន៨ខែឲ្យប្រពន្ធផ្ញើលុយឲ្យចំនួន៦៥០ដុល្លារដោយប្រើលេសម៉ូតូកង់បីដែលខ្លួនរត់ឌុបជួបបញ្ហាត្រូវការលុយបន្ទាន់ដើម្បីយកទៅលោះយកមកវិញ តែបែរជាយកលុយរួចនាំស្រីស្នេហ៍រត់បាត់ស្រមោល អាសូរតែប្រពន្ធនាំកូនប្រុសម្នាក់ទាំងដែលខ្លួនកំពុងពពោះកូនក្នុងផ្ទៃជិតគ្រប់ខែទៀត (៨ខែ) តាមរកដោយសុំឲ្យមន្រ្តីនគរបាលប៉ុស្តិ៍ចោមចៅ៣ជួយស្រាវជ្រាវរកលោកប្តីជើងល្អរបស់ខ្លួននោះមកដោះស្រាយគ្នា ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។

ប្តីជើងល្អនោះឈ្មោះ អុល បញ្ញា អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានស្រុកកំណើតនៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ចំណែកភាគីខាងប្រពន្ធមានឈ្មោះ នាក់ ពៅមុន្នី អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រៃតុំ ឃុំព្រៃឃ្មុំ ស្រុកកំពត ខេត្តកំពត ។ គ្រួសារខាងលើមានកូន២នាក់ (ប្រុសម្នាក់) និងកំពុងមានផ្ទៃពោះ៨ខែ ។

តាមប្រភពពីប្រពន្ធដ៏កំសត់ដែលត្រូវប្តីបោកបានឲ្យដឹងថា ពីមុនគាត់ស្នាក់នៅជាមួយប្ដីនៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ លុះមកដល់អំឡុងខែមីនា ឆ្នាំ២០២០ គាត់បានវិលទៅរស់នៅឯស្រុកកំណើតនៅខេត្តកំពតវិញ ដោយទុកឲ្យលោកប្តីស្នាក់នៅ និងប្រកបរបររត់ម៉ូតូកង់បីតែម្នាក់ឯងនៅទីក្រុងភ្នំពេញ ​។

នាងបានបន្តថា អំឡុងពេលដែលប្តីរបស់ខ្លួននៅភ្នំពេញតែឯងស្រាប់តែប្ដីឆ្លៀតឱកាសលួចមានស្រីក្មេងហើយគាត់ក៏បានដឹងរឿងនេះដែរ ។ លុះដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ កន្លងមកថ្មីៗនេះប្តីគាត់បានទៅផ្ទះនៅខេត្តកំពតប្រើល្បិចលួងលោមសុំខ្ចីលុយគាត់ចំនួន៦៥០ដុល្លារដោយភូតថា យកទៅលោះយកម៉ូតូកង់បីដែលជួបបញ្ហា ។

ស្ត្រីជាប្រពន្ធបានឲ្យដឹងទៀតថា ពេលគាត់ប្រគល់លុយចំនួន៦៥០ដុល្លារឲ្យប្ដីរួចហើយក៏បានត្រទ្បប់មកភ្នំពេញវិញបាត់ បិទទាំងទូរស័ព្ទមិនអាចទាក់ទងបាន គាត់ក៏មានការសង្ស័យហើយតាមមករកដល់កន្លែងប្ដីស្នាក់នៅទីក្រុងភ្នំពេញតែមិនឃើញប្ដី ទើបដឹងថា ចាញ់ល្បិចប្តីឆរបោកយកលុយ៦៥០ដុល្លារនោះរត់ទៅតាមស្រីស្នេហ៍បាត់ ។

ក្រោយមកគាត់បានដឹកដៃកូនប្រុសម្នាក់ទាំងខ្លួនកំពុងតែមានផ្ទៃពោះកូន៨ខែទៀត រួមជាមួយនឹងរូបថត ទាំងគួរឲ្យអាណិតអាសូរបំផុតទៅសុំការអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ចោមចៅ៣ដើម្បីឲ្យជួយស្រាវជ្រាវរកលោកប្តីជើងល្អដែលមានភិនភាគដូចក្នុងរូបថតដើម្បីឃាត់ខ្លួនដោះស្រាយគ្នា ៕

Advertisement