បរទេស៖ អ្នកស្រី គីម យោជុង ដែលត្រូវជាប្អូនស្រីរបស់់លោក គីម ជុងអ៊ុន មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង បានធ្វើការគម្រាមកំហែងដល់ប្រទេសកូរ៉េខាងត្បូង ដែលឈានទៅដល់ការប្រើកម្លាំងទ័ពជាលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីកូរ៉េខាងត្បូងបានហាមឃាត់សកម្មជនប្រឆាំងកូរ៉េខាងជើងមិនឲ្យផ្ញើខិតប័ណ្ណដែលដាក់លើប៉េងប៉ោងបង្ហោះទៅកាន់កូរ៉េខាងជើង ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ លោកស្រី គីម យោជុង បានចេញសេចក្តីថ្លែងការណ៍មួយដែលបង្ហាញពីកំហឹងយ៉ាងក្ដៅងំជាមួយប្រទេសកូរ៉េខាងត្បូងដោយអ្នកស្រីបានថ្លែងថា ៖«ក្នុងនាមខ្ញុំជាអនុប្រធានគណៈកម្មាធិការគណបក្សពលករកូរ៉េខាងជើង ការប្រើប្រាស់អំណាចរបស់ខ្ញុំដែលត្រូវបានទទួលស្គាល់ដោយថ្នាក់ដឹកនាំកំពូលៗ និងប្រទេសរបស់យើង ខ្ញុំបានចាត់ឱ្យក្រុមការងារបស់យើងចាត់វិធានការជាជំហានៗ ដើម្បីត្រៀមការប្រយុទ្ធដោយគ្មានការលើកលែងជាដាច់ខាត» ។

អ្នកស្រីបានមានប្រសាសន៌ទៀតថា ខ្ញុំជឿជាក់ថាផែនការបន្ទាប់ដែលខ្ញុំនឹងធ្វើដើម្បីឱ្យមន្រ្តីកូរ៉េខាងត្បូង មានការព្រួយបារម្ភ គឺធ្វើសកម្មភាពជាមួយសត្រូវដែលប្រគល់ឱ្យនាយសេនាធិការយោធារបស់យើងធ្វើការសំរេចចិត្តយ៉ាងមុតមាំដើម្បីកាត់បន្ថយការអាក់អន់ចិត្តចំពោះប្រជាជនរបស់យើង ។
គួរជម្រាបថា កាលពីពេលថ្មីៗនេះប្អូនស្រីមេដឹកនាំផ្តាច់ការរូបនេះត្រូវបានតំឡើងតំណែងជាសមាជិកម្នាក់នៅក្នុងការិយាល័យនយោបាយ (Politburo) នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តដ៏មានអំណាចរបស់គណបក្សពលករគ្រប់គ្រងប្រទេសរបស់កូរ៉េខាងជើង ដើម្បីបន្តតំឡើងតំណែងរបស់អ្នកស្រីនៅក្នុងជួរថ្នាក់ដឹកនាំប្រទេស ៕