ខេត្តកណ្តាល ៖ យុវជនជាងឡានល្មោភកាមម្នាក់ត្រូវបានកន្លាំងនគរបាលស្រុកស្អាតធ្វើការឃាត់ខ្លួនក្រោយពីយុវជនរូបនេះលួចថតនារីម្នាក់ដែលកំពុងងូតទឹកតាមប្រហោងដំបូលស័ង្កសីដែលធ្លុះធ្លាយ ។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ទឹកជនរងគ្រោះ ស្ថិតនៅក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ។

ជនសង្ស័យមានឈ្មោះ អេន ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ទីលំនៅស្នាក់នៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកឯនារីជាជនរងគ្រោះឈ្មោះ ប.ស.ធ.រ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល ។
តាមប្រភពស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើពេលដែលជនរងគ្រោះកំពុងតែងូតទឹកនៅក្នុងបន្ទប់ទឹករបស់ខ្លួន ពេលនោះស្រាប់តែជនសង្ស័យដែលស្នាក់នៅយានដ្ឋានជួសជុលរថយន្តដែលនៅក្បែរគ្នាបានយកទូរស័ព្ទលួចថតរូប និងវីដេអូ តាមប្រហោងដំបូលស័ង្កសីធ្លុះធ្លាយ ហើយពេលនោះដែរត្រូវបានជនរងគ្រោះឃើញក៏ស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ។ បន្ទាប់មកម្ដាយរបស់ជនរងគ្រោះបានមកសួររកទូរស័ព្ទពីជនសង្ស័យ តែរូបគេមិនព្រមប្រគល់ឲ្យទើបម្ដាយជនរងគ្រោះបានរាយការណ៍ទៅកាន់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលព្រែកគយតែម្តង ។

តាមប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្ដិ៍នគរបាលព្រែកគយបានទៅដល់ធ្វើការសាកសួរ ហើយបានដកហូតទូរស័ព្ទពីជនសង្ស័យ រួចពិនិត្យឃើញមានរូបភាព និងវីដេអូអាក្រាតកាយរបស់ជនរងគ្រោះពិតប្រាកដមែន ក៏បានបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាង ទូរស័ព្ទដៃ០១គ្រឿងម៉ាក iPhone X ពណ៌ស ទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការបន្តតាមនីតិវិធី ៕