យោងទៅតាមទីភ្នាក់ងារសារព័ត៌មានអេស្ប៉ាញ Marca ដែលបានចុះផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះថា ក្លិបតោខៀវ Chelsea ហ៊ានចាយលុយចំនួន១២០លានអឺរ៉ូស្មើនឹង១៣៦លានដុល្លារអាមេរិកដើម្បីនាំយកកីឡាករជើងស៊ុត Cristiano Ronaldo ទៅលេងនៅទឹកដី Stamford Bridge វិញ ។
តោខៀវ Chelsea ដែលជាក្លិបធំមួយក្នុងចំណោមក្លិបដែលលេងនៅ Premier League ទើបតែបានចុះកិច្ចសន្យានាំយកកីឡាករ Hakim Ziyech ពីក្លិបអាល្លឺម៉ង់ Borussia Dortmund រួចហើយ និងជិតឈានដល់កិច្ចព្រមព្រៀងថ្មីមួយជាមួយ Timo Werner របស់ក្លិប RB Leipzig ថែមទៀត ។
ជាមួយគ្នានោះ តោខៀវបានត្រៀមជាស្រេចក្នុងការចំណាយលុយដ៏ច្រើនមហិមាក្នុងការទិញយកកីឡាករអន្តរជាតិព័រទុយហ្គាល់ CR7 ដែលមានវ័យ៣៥ឆ្នាំទៅហើយនោះក៏ដោយក្នុងតម្លៃ១៣៦លានដុល្លារ ច្រើនជាងទឹកប្រាក់ដែល Juventus ទិញពីក្លិប Real Madrid កាលខែកក្កដា ឆ្នាំ២០១៨ មានត្រឹមតែ១៣៣លានដុល្លារប៉ុណ្ណោះ ។
គួររំលឹកផងថា Cristiano Ronaldo ក៏ធ្លាប់ស៊ុតបាន ១១៨គ្រាប់ផងដែរនៅអង់គ្លេសក្នុងក្លិបបិសាចក្រហម Manchester United មុនពេលចាកទៅលេងឲ្យក្លិបអេស្ប៉ាញ Real Madrid ក្នុងឆ្នាំ២០០៩ ៕