Connect with us

បច្ចេកវិទ្យា

ចប់​បាត់ ! តាម​ពិត Messenger មាន​ចំណុចខ្សោយ​ដែល​ក្រុម Hacker ងាយ​នឹង​វាយប្រហារ

កម្មវិធី Messenger ដែល​ជា​កម្មវិធី​ផ្ញើ​សារ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង និង​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ១.៣​ពាន់​លាន​នាក់

កម្មវិធី Messenger ដែល​ជា​កម្មវិធី​ផ្ញើ​សារ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង និង​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ១.៣​ពាន់​លាន​នាក់​ជុំវិញ​ពិភពលោក​នោះ ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​នូវ ភាព​ចន្លោះ​ប្រហោង​ខ្លះ​ៗ​របស់​កម្មវិធី​នេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows ដែល​អាច​ឱ្យ​ជនអនាមិក​ងាយស្រួល​ក្នុង​ការ​វាយប្រហារ​ជាមួយ​មេរោគ malware នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់ Reason Labs​។

កំហុសឆ្គង​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​កម្មវិធី Messenger ជំនាន់ 460.16 ដែល​កើតឡើង​នៅ​ពេល​កម្មវិធី​នេះ​ធ្វើការ​ទាក់ទង​ជាមួយ Windows Powershell ទៅ​ក្នុង Python directory​។ ដូច្នេះ​ប្រសិនបើ​លោក​អ្នក​ពុំដែល​បញ្ចូល​កម្មវិធី Python កុំព្យូទ័រ​លោក​អ្នក​នឹង​ពុំ​មាន directory នេះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ជាមួយ​ការ​វាយប្រហារ​នេះ​គឺ ជនអនាមិក​អាច​បន្ត​ការ​វាយលុក​បាន​យូរ ដោយសារ​ការ​ជ្រៀតចូល​នេះ​ទាក់ទង​នឹង directory មិនសូវ​សំខាន់​ដែល​មិន​ទាមទារ​ឱ្យ​បញ្ចូល​លេខ​សម្ងាត់​របស់​អ្នកគ្រប់គ្រង​កុំព្យូទ័រ​នោះ​។

Reason Labs បាន​ជូនដំណឹង​ទៅ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ទាក់ទង​នឹង​កំហុសឆ្គង​នេះ​កាលពី​ខែមេសា​កន្លង​ទៅ ហើយ​ក្រុមហ៊ុន​ក៏​បាន​ធ្វើការ​កែសម្រួល​រួច​ហើយ​ដែរ​។ ជាង​នេះ​ទៅ​ទៀត Reason Labs ក៏​បាន​ធ្វើការ​សាកល្បង​ជា​ថ្មី​ជាមួយ Messenger ជំនាន់ 480.5 ហើយ​បាន​បញ្ជាក់​ថា ពុំ​ឃើញ​មាន​កំហុសឆ្គង​នេះ​ទៀត​ទេ​។ ដូច្នេះ​ប្រសិនបើ​បងប្អូន​ប្រើ​កម្មវិធី Messenger ជាមួយ​កុំព្យូទ័រ Windows ហើយ​ពុំ​បាន​ធ្វើ​បច្ចុប្បន្នភាព​ក្នុង​រយៈពេល​ប្រមាណ​២​ខែ​ចុង​ក្រោយ​នេះ លោក​អ្នក​គួរ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​តាម​រយៈ Microsoft store ដើម្បី​ជៀសវាង​ពី​ការ​វាយប្រហារ​នេះ​៕

ប្រភព ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

Advertisement