បរទេស ៖ Georgina Rodriguez ដែលជាមិត្តស្រីរបស់កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសារភាពថា នាងមានអារម្មណ៍ខ្មាស់អៀនខ្លាំងណាស់ក្នុងការហ្វឹកហាត់ជាមួយ Cristiano Ronaldo ម្តងៗក្នុងអំឡុងពេលដែលពួកគេហាត់ប្រាណនៅក្នុងផ្ទះជាមួយគ្នាដើម្បីចៀសវាងការឆ្លងវីរុសកូវីដ១៩ ហើយនាងថែមទាំងបាននិយាយថា Ronaldo ជាគ្រូដ៏ឆ្នើមមួយរូបរបស់នាង ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Mirror ។

អ្នកនាង Georgina Rodriguez ដែលជាមិត្តស្រីរបស់ Ronaldo បានបង្ហើបពីអារម្មណ៍ពិតរបស់ខ្លួនថា រូបនាងមានអារម្មណ៍ថា ខ្មាសកីឡាកររូបនេះ (Cristiano Ronaldo) ណាស់ នៅពេលដែលហាត់ប្រាណជាមួយគាត់ម្តងៗ ។

ជាមួយគ្នានោះដែរតារាម៉ូដែល Georgina បាននិយាយថា គេចាត់ទុក Ronaldo ដូចជាគ្រូរបស់គេអ៊ីចឹង ព្រោះកីឡាកររូបនេះបានបង្ហាញពីការលះបង់ និងសេចក្ដីព្យាយាមក្នុងការហ្វឹកហាត់ថែរក្សារាងកាយរបស់គេជាខ្លាំង ។

អ្នកនាង Georgina Rodriguez បានថ្លែងប្រាប់សារព័ត៌មានទៀតថា នាងមានអារម្មណ៍ថា ដូចជាមានសម្ពាធខ្លាំងណាស់ពេលដែលហាត់ជាមួយ Ronaldo ម្តងៗ ដោយមិនអាចធ្វើឲ្យដល់កម្រិតកីឡាកររូបនេះបាន ។

នាងថែមទាំងបាននិយាយថា « Ronaldo ហ្វឹកហាត់២ដងក្នុង១ថ្ងៃ គឺនៅពេលព្រឹកម្តង និងនៅពេលរសៀលម្តង។ គាត់គឺជាអត្តពលិកដ៏អស្ចារ្យបំផុតដោយគាត់ផ្តោតអារម្មណ៏១០០ភាគរយទៅលើការហ្វឹកហាត់របស់គាត់។ ប្រាកដណាស់ថាខ្ញុំមិនអាចប្រៀបធៀបជាមួយគាត់បានទេ គាត់ហាត់បានល្អ និងច្រើនជាងខ្ញុំឆ្ងាយណាស់ ហើយគាត់ក៏ជាគ្រូដ៏អស្ចារ្យមួយរូបសម្រាប់ខ្ញុំរៀនតាមផងដែរ» ។

គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ជាកីឡាករមួយរូបដែលតែងតែព្យាយាមថែរក្សាសុខភាព និងរាងកាយរបស់គេបានល្អជានិច្ចដោយធ្វើការហាត់ប្រាណ និងមិនបរិភោគអាហារផ្តេសផ្តាសនោះទេ ៕