Connect with us

ព័ត៌មានអន្តរជាតិ

ធ្ងន់ករហើយ ! សហរដ្ឋអាមេរិក បានប្រកាសអំពីការផ្ទុះករណីនៃជំងឺ Covid-19 ទ្វេដង

ញូវយ៉ក៖ សហរដ្ឋអាមេរិក បានបំបែកកំណត់ត្រាប្រចាំថ្ងៃរបស់ខ្លួនចំពោះការឆ្លងវីរុស Covid – 19 កាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែកក្កដា ដោយបានរាយការណ៍ថា មានករណីថ្មីជាង ៧៧ ០០០ករណី នៅពេលចំនួននៃការស្លាប់ក្នុងរយៈពេល ២៤ ម៉ោងបានកើនឡើងជិត១ ០០០នាក់។  ការបាត់បង់អាយុជីវិត៩៦៩នាក់ គឺជាការកើនឡើងដ៏ធំបំផុតចាប់តាំងពីថ្ងៃទី ១០ មិថុនាដោយរដ្ឋ Florida , រដ្ឋ South Carolina និងរដ្ឋ Texas បានរាយការណ៍អំពីការកើនឡើងដ៏ធំបំផុតក្នុងរយៈពេលមួយថ្ងៃរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍។ ជនជាតិអាមេរិកជាង ១៣៨,០០០ នាក់បានស្លាប់ដោយសារ Covid -19 ។ អ្នកជំនាញបានព្រមានថា មានការកើនឡើងនូវចំនួនករណីថ្មីៗនិងការកើនឡើងគួរឱ្យព្រួយបារម្ភនៅក្នុងមន្ទីរពេទ្យនៅក្នុងរដ្ឋជាច្រើន។

តំបន់ដែលរងគ្រោះខ្លាំងជាងគេបំផុតគឹនៅរដ្ឋ Texas និងរដ្ឋ Arizona កំពុងខ្វះកន្លែងដើម្បីផ្ទុកសាកសពខណៈកន្លែងដាក់សពរបស់ពួកគេត្រូវបានពេញ។ ការស្លាប់របស់ប្រជាជនអាមេរិកបានឈានដល់កំពូលនៅខែមេសានៅពេលដែលប្រទេសនេះបាត់បង់មនុស្សជាមធ្យម ២ ០០០នាក់ ក្នុងមួយថ្ងៃ។ ចំនួនអ្នកស្លាប់បានធ្លាក់ចុះជាលំដាប់ជាមធ្យម ១ ៣០០ នាក់ក្នុងមួយថ្ងៃនៅក្នុងខែឧសភា និងក្រោម ៨០០នាក់ ក្នុងមួយថ្ងៃនៅក្នុងខែមិថុនា មុនពេលមានការកើនឡើងម្តងទៀតនៅខែកក្កដា នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Reuters ។ ជនជាតិអាមេរិកបានបែកខ្ញែកគ្នាកាន់តែខ្លាំងឡើងលើបញ្ហានានាដូចជាការបើកសាលារៀននិងអាជីវកម្មឡើងវិញ និងការមិនពាក់ម៉ាសមុខជាសាធារណៈដែលរារាំងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

តួលេខសរុប ៧៧,២១៧ករណី នេះហួសពីកំណត់ត្រាមុនដែលបានកំណត់កាលពីថ្ងៃសុក្រ នៅពេលដែលករណីកើនឡើងចំនួន ៦៩ ០៧០ ។ នៅក្នុងខែមិថុនា ករណីនានាបានកើនឡើងជាមធ្យម ២៨ ០០០ នាក់ក្នុងមួយថ្ងៃ។ នៅក្នុងខែកក្កដា ពួកគេបានកើនឡើងជាមធ្យម ៥៧ ៦២៥ ក្នុងមួយថ្ងៃ។ កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មានរដ្ឋ Texas បានរាយការណ៍ករណីថ្មីជាង ១៥ ០០០ ករណីនេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ខណៈដែលរដ្ឋ Florida បានរាយការណ៍ថា មានករណីថ្មីជិត ១៤ ០០០ ករណីនិង California មានជិត ១ម៉ឺន ករណី។

លោកវេជ្ជបណ្ឌិត Anthony Fauci ដែលជាអ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់រដ្ឋាភិបាលបានព្រមានថា ឆាប់ៗនេះករណីអាចនឹងកើនឡើងលើសពី ១០០ ០០០ ក្នុងមួយថ្ងៃ ប្រសិនបើជនជាតិអាមេរិកាំងមិនរួមគ្នាចាត់វិធានការចាំបាច់ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសនេះ។

យោងតាមការបូកសរុបមួយផ្សេងទៀតដោយសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក បានបង្ហាញថា បច្ចុប្បន្នមានករណីជាង ៣.៥៧លាន ករណីដែលត្រូវបានរកឃើញ។

ប្រភព៖  Reuters

Advertisement