Connect with us

បច្ចេកវិទ្យា

ទិន្នន័យឯកជនភាពរបស់អតិថិជនរាប់ពាន់នាក់ ត្រូវបានលេចធ្លាយពីក្រុមហ៊ុន Razer

ព័ត៌មានឯកជនភាពនៅតែជារឿងសំខាន់សម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា។ ជាមួយគ្នានេះដែរ ការអភិវឌ្ឍនៃបច្ចេកវិទ្យាក៏បានពង្រឹងផ្នែកសន្តិសុខចំពោះបញ្ហានេះដែរ ប៉ុន្តែនៅពេលខ្លះក៏អាចនៅតែមានកំហុសឆ្គងនៅក្នុងប្រព័ន្ធសុវត្ថិភាព ដែលអាចឱ្យ ជនអនាមិកបើកការវាយប្រហារទាញយកទិន្នន័យ ឬពេលខ្លះទៀតទិន្នន័យត្រូវបានទុកជាចំហរដោយពុំមានប្រព័ន្ធការពារ ដែលអាចឱ្យការទាញយកទិន្នន័យរឹតតែមានភាពងាយស្រួល។

ជាក់ស្តែងកាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅថ្មីៗនេះ យោងតាមរបាយការណ៍ពីអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព លោក Volodymyr Diachenko បានឱ្យដឹងថា មានការលេចធ្លាយទិន្នន័យរបស់អតិថិជនចំនួនប្រមាណជាង ១០ម៉ឺននាក់ដោយចៃដន្យ ពីក្រុមហ៊ុន Razer ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ល្បីមួយសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម។

ការលេចធ្លាយព័ត៌មានទាំងនេះមានដូចជា ឈ្មោះពេញ អុីមែល លេខទូរសព្ទ វិក័យប័ត្រផ្សេងៗ អាសយដ្ឋានដឹកជញ្ជូន និងព័ត៌មានលម្អិតនៃការបញ្ជាទិញ ព្រមទាំងព័ត៌មានឯកជនរបស់អតិថិជន ជាដើម។ ផ្ទុយទៅវិញអ្វីដែលចម្លែកនោះគឺ ភាពយឺតយ៉ាវរបស់ក្រុមហ៊ុនដែលបានចំណាយពេលដល់ទៅជាង ៣សប្តាហ៍ដើម្បីធ្វើការកែតម្រូវ ភាពចន្លោះប្រហោងនេះ។ ទោះជាយ៉ាងណាក្ដីក្រុមហ៊ុនបានបញ្ជាក់ថា ព័ត៌មានទាក់ទងនឹងធនាគារ និងលេខសម្ងាត់ មិនត្រូវបានបែកធ្លាយនោះទេ។

ករណីខាងនេះជាឧទាហរណ៍ដ៏ល្អមួយដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នជាមួយព័ត៌មាន ឬ រូបភាពផ្ទាល់ខ្លួន។ សូមលោកអ្នកមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ មុននឹងបញ្ចូលព័ត៌មានទៅក្នុងកម្មវិធី ឬវេបសាយណាមួយ ព្រោះទិន្នន័យរបស់លោកអ្នកអាចនឹងត្រូវគេលួចទាញយកទៅប្រើនៅពេលណាមួយនោះ ដែលនាំឱ្យខាតបង់លុយកាក់ ខូចកេរ្តិ៍ឈ្មោះ ឬថែមទាំងអាចប៉ះពាល់ដល់សុវត្ថិភាពរបស់លោកអ្នកថែមទៀតផង៕

Advertisement