Connect with us

បច្ចេកវិទ្យា

សូមប្រុងប្រយ័ត្នចំពោះការណែនាំកម្មវិធី ពីអ្នកល្បីៗនៅក្នុង TikTok ព្រោះវាក៏អាចជាកម្មវិធីបោកប្រាស់ដែរ

យើងដឹងហើយថាកម្មវិធី TikTok គឺជាកម្មវិធីដ៏ពេញនិយមមួយនៅលើបណ្តាមសង្គម ជាពិសេសសម្រាប់ក្មេងៗ ប៉ុន្តែនៅពេលថ្មីៗនេះកម្មវិធី TikTok មានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ ក្រោយពីកម្មវិធីនេះត្រូវបានបិទដោយរដ្ឋាភិបាលឥណ្ឌា ហើយមិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏កំពុងតែដាក់សម្ពាធឱ្យក្រុមហ៊ុន ByteDance លក់កម្មវិធី TikTok ទៅឱ្យក្រុមហ៊ុនណាមួយរបស់អាមេរិកផងដែរ។ ដោយសារតែមានភាពពេញនិយមនេះហើយ ដែលជនឆ្លៀតឱកាសមួយចំនួនបានបន្លំបង្កើតកម្មវិធីបោកប្រាស់ ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ឬបន្លំយកប្រាក់កាសពីអ្នកប្រើប្រាស់។

ជាក់ស្តែងកាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនសន្តិសុខ Avast បានរកឃើញថាមានប្រូហ្វាល ល្បីៗចំនួនបីនៅក្នុងកម្មវិធី TikTok ដែលមានអ្នកតាមដានជាង ៣៥០,០០០នាក់ បានផ្សព្វផ្សាយនិងចែកចាយកម្មវិធីបោកប្រាស់ជាច្រើន ហើយកម្មវិធីនេះត្រូវបានទាញយកច្រើនជាង ២,៤០០,០០០ដង ព្រមទាំងបានធ្វើឱ្យមានការចាញ់បោកអស់ទឹកប្រាក់ច្រើនជាង ៥០០,០០០ដុល្លារ រួចមកហើយដែរ។

ការរកឃើញនេះក្រោយពីក្រុមហ៊ុន Avast បានទទួលសេចក្តីរាយការណ៍ពីក្មេងស្រី អាយុ ១២ឆ្នាំម្នាក់ នៅសារធារណរដ្ឋឆែក ដែលជួបនឹងបញ្ហានេះ។ ក្រុមអ្នកសន្តិសុខបានរកឃើញយ៉ាងហោចណាស់មានគណនី TikTok ចំនួន៣ ដែលកំពុងផ្សព្វផ្សាយពាណិជ្ជកម្មដែលមានឈ្មោះអ្នកប្រើដូចជា 7odestar, Dejavuuu.es3 និង Marina90lazina។ កម្មវិធីទាំងនេះបានក្លែងបន្លំជាកម្មវិធី ល្បែងកំសាន្ត តន្ត្រី ឬជាកម្មវិធីសម្រាប់ប្តូររូបភាពលើអេក្រង់ (wallpaper) ប៉ុន្តែបន្ទាប់ពីអ្នកប្រើប្រាស់បានទាញយកកម្មវិធី ពួកគេនឹងទាមទារឱ្យបង់ប្រាក់ពី ២ដុល្លារ ទៅ ១០ដុល្លារ ដើម្បីប្រើមុខងារផ្សេងៗ តែតាមការពិតមុខងារទាំងនោះគឺពុំមាននៅក្នុងកម្មវិធីនោះទេ។

នេះជាករណីដែលគួរឱ្យព្រួយបារម្ភណាស់ ជាពិសេសកម្មវិធីនេះត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធបណ្តាញសង្គមដែលពេញនិយមក្នុងចំណោមក្មេងៗ ដែលពួកគេមិនទាន់ចេះដឹងពីគ្រោះថ្នាក់របស់វានោះនៅឡើយ។ ដើម្បីការពារខ្លួនអ្នកពីកម្មវិធីបោកប្រាស់ទាំងនេះ សូមប្រយ័ត្នចំពោះអ្វីដែលត្រូវបានផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ តាមរយៈសារផ្សេងៗ។ ដូចគ្នានេះដែរសូមអានការណែនាំពីកម្មវិធីឱ្យបានច្បាស់លាស់ជាមុនសិនមុននឹងធ្វើការទាញយកកម្មវិធីទាំងនោះ។ បច្ចុប្បន្នក្រុមហ៊ុន Apple បានលុបចោលកម្មវិធីទាំងនេះចេញពីកម្មវិធី App Store របស់ពួកគេរួចហើយ៕

Advertisement