ថ្មីៗនេះ BTS បានប្រារព្ធធ្វើកម្មវិធីប្រគំតន្ដ្រីក្នុងអនឡាញ ដោយមានការចូលរួមរបស់អ្នកទស្សនាប្រមាណជាង ៩៩៣.០០០ ដែលមកពីប្រទេសខុសៗគ្នាចំនួន ១៩១ ជុំវិញសកលលោក។ កម្មវិធីទាំងមូលប្រព្រឹត្តិទៅដោយឆាកតន្ដ្រីដ៏កក្រើក ដោយក្នុងនោះ BTS បានយកបទពីអាល់ប៊ុម “Map of the Soul: 7” និង “Dynamite” ទៅច្រៀង។
ការប្រគំតន្ដ្រីមួយនេះបានបំពាក់នូវបរិក្ខាបច្ចេកវិទ្យាទំនើបៗ ក្នុងនោះមានដូចជា AR (Augmented Reality) និង XR (Extended Reality) ដែលបង្កើតអារម្មណ៍ថ្មីដល់អ្នកទស្សនា និងផ្ដល់បទពិសោធន៍ប្លែកដោយអាចមើលឃើញខ្លួនពួកគេលើអេក្រង់ផ្សាយផ្ទាល់ និងថែមទាំងអាចបញ្ចេញសំឡេងស្រែកហ៊ោ ខណៈដែល BTS កំពុងច្រៀងទៀតផង។ BTS មើលទៅរីករាយយ៉ាងពិសេសព្រោះបានរាក់ទាក់ហ្វេនតាមរយៈប្រព័ន្ធ “ARMY on Air” ដែលអាចឱ្យពួកគេឃើញមុខគ្នាតាមកញ្ចក់អេក្រង់ទៅវិញទៅមក។
បន្ទាប់ពីបញ្ចប់ការប្រគំតន្ដ្រីដោយជោគជ័យ BTS បាននិយាយថា៖ “ការប្រគំតន្ដ្រីមួយនេះបានផ្ដល់ឱ្យយើងនូវអារម្មណ៍ជាច្រើន។ ដំបូងឡើយយើងចាប់ផ្ដើមក្នុងនាមជាក្រុមមានសមាជិក ៧នាក់ ជាមួយក្ដីស្រមៃតូចមួយ។ ទោះបីទង់ជាតិខុសពណ៌គ្នាត្រូវបានលើកឡើង និយាយភាសាផ្សេងគ្នា និងច្រៀងរៀបរាប់រឿងខ្លួនយើង តែយើងនឹងដើរទៅមុខជាមួយគ្នា។ BTS មិនមែនជារឿងរ៉ាវរបស់មនុស្ស ៧នាក់ទេ តែវាជារឿងរ៉ាវរបស់អ្នក របស់ខ្ញុំ និងរបស់គ្រប់គ្នា” ។


