បរទេស៖ តារាសម្តែងប្រុសប្រចាំប្រទេសកូរ៉េខាងត្បូង លោក លី មីនហូ (Lee Min-Ho) គឺជាតារាប្រុសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងពិភពការសម្តែងទាំងក្នុងប្រទេស និងក្រៅប្រទេស ចំណែកឯប្រទេសកម្ពុជាយើងក៏មានអ្នកស្រលាញ់គាំទ្រមិនតិចដែរចំពោះតារាសម្តែងម្នាក់នេះ។
ការដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់លោក លី មីនហូ គឺមិនត្រឹមតែសមត្ថភាពសម្តែងដ៏ពិសេសអស្ចារ្យរបស់លកនោះទេ តែសម្រស់របស់តារាសម្តែងប្រុសវ័យ ៣១ ឆ្នាំនេះក៏សង្ហាមិនធម្មតាដែរ ដែលអាចនិយាយបានថាឃើញត្រឹមតែស្នាមញញឹម បាក់ស្រិបតែម្តង។ ជាមួយគ្នានេះដែរ កំពូលតារាសម្ដែងប្រុសកូរ៉េដ៏ល្បីម្នាក់នេះ នៅតែបន្តទទួលបាន ការគាំទ្រពីសមត្ថភាព ទេពកោសល្យក្នុងវិស័យសិល្បៈរបស់លោក។ ក្នុងនោះ គេបានដឹងថា Lee Minho អាចរកប្រាក់ចំណូលបានដល់ទៅ ៦២,០០០ដុល្លារ រាល់ការសម្ដែងរឿងក្នុងមួយភាគ។
បច្ចុប្បន្នយោងតាមការចុះផ្សាយពីសារព័ត៌មាន tecake បានឲ្យដឹងថា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ Lee Minho គឺមានដល់ទៅ ១០លានដុល្លារសហរដ្ឋអាមេរិច។ បន្ថែមពីនោះ ក្នុងរឿង The King នេះដែរ តាមរយៈប្រភពព័ត៌មានបែកធ្លាយពីក្រៅប្រទេសបានឱ្យដឹងថា តារាប្រុស លី មីនហូ ដែលដើរតួជាតួឯកនេះ មានតម្លៃខ្លួនដល់ទៅ ៧ម៉ឺនដុល្លារនៅក្នុងមួយភាគ ហើយបើសរុបមួយចប់សាច់រឿង (១៦ភាគ) លោកទទួលបានដល់ទៅជាង ១លានដុល្លារឯណោះ ពិតជាតម្លៃខ្លួនមិនធម្មតានោះទេ ៕




