Connect with us

ព័ត៌មានជាតិ

មហាជនមិនទាន់អស់ចិត្ត ចង់ស្នើឱ្យបកស្រាយរឿង គ្រឿងអលង្ការពាក់ក្នុងរឿងថៃ “សន្យាស្នេហ៍”

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះតាមរយៈទំព័រហ្វេសប៊ុក Royal Embassy of Cambodia in Bangkok បានបង្ហោះសារមួយជម្រាបជូនដល់សាធារណជនខ្មែរទាំងអស់ ស្តីពីការចេញមុខសុំទោសជាសាធារណៈរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ចំពោះរឿងយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ទៅដាក់ផ្ទៃខាងក្រោយនៃផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្មក្នុងរឿងថ្មីរបស់ខ្លួនមានចំណងជើង “សន្យាស្នេហ៍” ។

ទោះបីជាបានចេញលិខិតសុំទោសប្រជាជនខ្មែរជាសាធារណៈពីខាងភាគីទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃក្តី ប៉ុន្តែនៅក្នុងខ្លឹមសារនៃលិខិតនោះហាក់បកស្រាយមិនទាន់គ្រប់ជ្រុងជ្រោយ និងលម្អិត ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលប្រជាជនខ្មែរចង់បាននោះទេ ពោលគឺនៅមានចំណុចជាច្រើនទៀតដែលប្រជាជនខ្មែរ ពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកស្នើចង់ឱ្យមានការបកស្រាយលម្អិតជាងនេះ ជាក់ស្តែងគឺរឿងទម្រង់គ្រឿងអលង្ការតុបតែងលើតួអង្គសម្តែង ដែលគេឃើញមានលក្ខណៈដូចនឹងទម្រង់គ្រឿងអលង្ការរចនាបថខ្មែរ ដែលមានលើរូបចម្លាក់នៃជញ្ជាំងប្រាសាទខ្មែរ។

ឃ្លាមួយក្នុងលិខិតសុំទោសជាសាធារណៈរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដែលបកប្រែជាភាសាខ្មែរនោះបានសរសេរថា “យើងខ្ញុំសូមជម្រាបជូនឯកឧត្តមថា នឹងគ្មានរូបប្រាសាទអង្គរវត្តលេចឡើងលើសម្ភារផ្សព្វផ្សាយនៃរឿង «Promise» តទៅទៀតឡើយ។ ក្រៅពីនេះសាច់រឿងនៃរឿង «Promise» ក៏ពុំមានទាក់ទងអ្វីទៅនឹងប្រាសាទអង្គរវត្តដែរ។” ត្រង់ចំណុចនេះហើយ ដែលប្រជាជនខ្មែរ ពិសេសអ្នកលេងហ្វេសប៊ុកនៅតែចង់ឱ្យមានការបកស្រាយបញ្ជាក់ពីខាងសា្ថនីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ថាចុះបើសាច់រឿងមិនមានពាក់ព័ន្ធនឹងប្រាសាទអង្គរវត្តខ្មែរ ហេតុអ្វីទម្រង់គ្រឿងអលង្ការម្តេចមានរចនាបថខ្មែរ ដែលមានរូបចម្លាក់ជាប់ជញ្ជាំងប្រាង្គប្រាសាទជាសាក្សីស្រាប់នោះ។

ជាមួយគ្នានេះដែរ មហាជនខ្មែរនិង អ្នកលេងហ្វេសប៊ុកក៏បានទទូចសុំឱ្យស្ថាប័នដែលពាក់ព័ន្ធក្នុងរឿងនេះ ជាពិសេសគឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខ្មែរដែលជាឪពុកម្តាយនោះ សូមជួយបន្ថែមចំណាត់ការដើម្បីឱ្យមានការបកស្រាយលម្អិតទាក់ទងនឹងរឿងខាងលើនេះផងដែរ ៕

 

 

 

Advertisement