Connect with us

ព័ត៌មានអន្តរជាតិ

ស្ងាត់ៗ វៀតណាមនឹងចេញ វ៉ាក់សាំងកូវីដ-១៩ អាចនឹងធ្វើតេស្តលើកដំបូងលើ…

វៀតណាម៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express កាលពីព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា អនុប្រធានរដ្ឋបាលវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការបណ្ដុះបណ្ដាល ចំណុះឲ្យក្រសួងសុខាភិបាលវៀតណាម លោក ង្វៀន ង៉ូក្វាង (Nguyen Ngo Quang) បាននិយាយថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថ ណាណូជែន (Nanogen) នឹងក្លាយជាវ៉ាក់សាំងដំបូងគេបង្អស់របស់ប្រទេសវៀតណាម ដែលនឹងឈានចូលដល់ដំណាក់កាលធ្វើតេស្តសាកល្បង «ទៅលើមនុស្ស» ប្រសិនបើមានការអនុញ្ញាត។

បើតាមរបាយការណ៍បានបង្ហាញទៀតថា ថ្មីៗនេះក្រសួងសុខាភិបាលវៀតណាម កំពុងជំរុញឱ្យក្រុមហ៊ុនផលិតឱសថ Nanogen ត្រៀមធ្វើតេស្តសាកល្បងចាក់វ៉ាក់សាំង COVID-19 របស់ខ្លួនទៅលើមនុស្សនៅក្នុងខែវិច្ឆិកានេះ ដោយការធ្វើតេស្តសាកល្បងចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងក្នុងរយៈពេលបីដំណាក់កាល ដែលដំណាក់កាលដំបូង វ៉ាក់សាំងនេះនឹងត្រូវបានធ្វើតេស្តសាកល្បង ដោយចាក់ទៅលើមនុស្សចំនួន២០នាក់ បន្ទាប់មកចំនួន ៦០០នាក់ និងចុងក្រោយចំនួន១០,០០០នាក់។

គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមមានប្ខេកភាពវ៉ាក់សាំង COVID-19 ចំនួន ០៤ ដែលកំពុងស្ថិតក្រោមការស្រាវជ្រាវនៅឡើយ ដែលវ៉ាក់សាំងទាំងនោះ បានអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថ Nanogen, វ៉ាបាយអូធិច (Vabiotech), ផូលីវ៉ាក (Polyvac) និងអាយវ៉ាក (IVAC)។ ប៉ុន្តែក្រសួងសុខាភិបាលវៀតណាម បានចាត់ទុកបេក្ខភាពវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថ Nanogen ជាបេក្ខភាពវ៉ាក់សាំងដែលទទួលបានជោគជ័យបំផុត ដែលត្រូវបានអភិវឌ្ឍឡើងដោយជោគជ័យនៅក្នុងមន្ទីរពិសោធន៍។​ គួរជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រានូវករណីឆ្លង COVID-19 សរុប ១,១៩២ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងជាសះស្បើយ១,០៦៨នាក់ផងដែរ៕

Advertisement