Connect with us

សុខភាព

តើអ្នកមានបញ្ហាស្បែកមុខមែនទេ? តោះមកដឹងពីវិធីថែរក្សាស្បែកមុខដោយមិនចាំបាច់ចំណាយលុយ

ស្បែកមុខរបស់អ្នក គឺជាផ្នែកដំបូងបង្អស់ដែលគ្រប់គ្នាសម្លឹងមើលមុនគេ ហេតុនេះ អ្នកគួរតែយកចិត្តទុកដាក់ឲ្យបានល្អបំផុតចំពោះវា។ យ៉ាងណាមិញ តម្រូវការនៃការថែរក្សាស្បែកមុខរបស់មនុស្សម្នាក់ៗគឺខុសគ្នា ប៉ុន្តែការរក្សាទម្លាប់ឲ្យបានទៀងទាត់គឺចាំបាច់បំផុតក្នុងការថែរក្សាស្បែកមុខរបស់អ្នកឲ្យបានល្អ មិនថាអ្នកមានស្បែកប្រភេទណាក៏ដោយ។ សូមអ្នកចំណាយពេលក្នុងការថែក្សាស្បែកមុខឲ្យបានល្អបំផុត តាមអ្វីដែលអ្នកធ្វើបាន ចៀសវាងទុកមុខឲ្យក្លាយទៅជាមានបញ្ហា ព្រោះថាវាគឺផ្នែកដ៏ធំមួយនៃសម្រស់របស់អ្នក។

ខាងក្រោមនេះជាវិធីងាយៗដែលអាចជួយឲ្យស្បែកមុខរបស់អ្នកស្រស់ស្អាតបានដោយមិនចាំបាច់ចំណាយលុយ៖
១. លាងសម្អាតស្បែកមុខរបស់អ្នករៀងរាល់ព្រឹកក្រោយភ្ញាក់ពីគេង
ជារៀងរាល់ថ្ងៃបន្ទាប់ពីអ្នកក្រោកពីគេង សូមលាងស្បែកមុខរបស់អ្នកជាមួយនឹងទឹកក្តៅឧណ្ឌៗ និងទឹកលាងសម្អាតស្បែកមុខដែលអ្នកគិតថាល្អសម្រាប់ស្បែកមុខរបស់អ្នក រួចហើយម៉ាស្សាស្បែកមុខរបស់អ្នកដោយប្រើចលនារាងជារង្វង់ ប៉ុន្តែសូមកុំដុសខាត់វាដាច់ខាត។ សូមចងចាំស្បែកមុខរបស់អ្នកគឺមានលក្ខណៈទន់ខ្សោយ ហេតុនេះសូមលាងសម្អាតវាដោយថ្នមៗ។ ប៉ុន្តែប្រសិនបើអ្នកមានស្បែកមុខស្ងួតខ្លាំង សូមកុំប្រើទឹកក្ដៅឧណ្ឌៗញឹកញាប់ពេក ព្រោះវាអាចធ្វើឲ្យស្បែកមុខរបស់អ្នកមានសភាពស្ងួតបាន។

២. កំណត់ពេលវេលារបស់អ្នក ជាមួយនឹងកម្ដៅព្រះអាទិត្យ
តើអ្នកដឹងទេថា ៩០ភាគរយនៃភាពចាស់របស់អ្នកគឺបណ្តាលមកពីកម្តៅព្រះអាទិត្យ ជាពិសេសសម្រាប់ដែលមានស្បែកស្ដើងខ្លាំង គឺពួកគេអាចជួបប្រទះទៅនឹងមហារីកស្បែកបានទៀតផងព្រោះតែកម្តៅព្រះអាទិត្យនេះ។ ដើម្បីថែរក្សាស្បែកមុខរបស់អ្នកឲ្យមើលទៅនៅតែក្មេងជាងវ័យ ចូរអ្នកកុំឧស្សាហ៍ឲ្យស្បែកមុខរបស់អ្នកត្រូវនឹងកម្តៅព្រះអាទិត្យញឹកញាប់ពេក ប៉ុន្តែបើត្រូវចេញក្រៅជាចាំបាច់ អ្នកអាចប្រើឡេការពារបន្តិចបន្តួចបាន។

៣. ឧស្សាហ៍ផឹកទឹកឲ្យបានញឹកញាប់
ជាទូទៅ នៅពេលដែលអ្នកមិនសូវផឹកទឹកនោះទេ ស្បែករបស់អ្នកចាប់ផ្តើមស្ងួត និងគ្មានសំណើម ឬអាចបណ្តាលឲ្យទៅជាមានស្នាមជ្រីវជ្រួញលើផ្ទៃមុខក៏មាន។ ហេតុនេះអ្នកគួរតែទទួលទានទឹកឲ្យបានញឹកញាប់ ព្រោះទឹកអាចជួយបណ្តេញជាតិពុលដែលមាននៅក្នុងថ្លើម ជួយធ្វើឲ្យស្បែកមុខ និងដងខ្លួនរបស់អ្នកមានសំណើម។

៤. កុំឧស្សាហ៍យកដៃប៉ះលើផ្ទៃមុខរបស់អ្នកពេក
ជាធម្មតានៅអ្នកតែងតែយកដៃទៅប៉ះលើផ្ទៃមុខរបស់អ្នក។ ប៉ុន្តែទង្វើនេះវាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើស្បែកមុខ ព្រោះថាដៃរបស់អ្នកអាចនឹងមានមេរោគ ឬក៏អាចធ្វើឲ្យកកិតទៅលើស្បែកមុខបណ្តាលឲ្យកើតជាមានមុន ឬក៏កើតជាកន្ទួលក្រហមជាដើម។

៥. ការធ្វើលំហាត់ប្រាណ
គ្រប់គ្នាប្រាកដជាដឹងហើយថា ការដែលយើងឧស្សាហ៍ហាត់ប្រាណបញ្ចេញញើស គឺជាការបញ្ចេញជាតិពុលចេញពីរាងកាយ ហើយវាក៏ល្អបំផុតសម្រាប់រាងកាយ ក៏ដូចជាស្បែកមុខរបស់អ្នក។ ជាពិសេសនៅពេលដែលយើងធ្វើចលនាបានគ្រប់គ្រាន់ ចរន្តឈាមរបស់យើងក៏ដំណើរការបានល្អផងដែរ ជាពិសេសគឺធ្វើឲ្យរាងកាយទទួលបានមកវិញនូវអុកស៊ីសែន ដែលជំនួយដល់ផ្លូវដង្ហើម ក៏ដូចជាស្បែកមានសុខភាពល្អ។ មួយវិញទៀតការធ្វើលំហាត់ប្រាណបានទៀងទាត់ជួយកាត់បន្ថយភាពចាស់មុនអាយុផងដែរ។

៦. ចៀសវាងការជក់បារី ឬក៏នៅក្បែរផ្សែងបារី
ការជក់បារី ឬក៏នៅក្បែរផ្សែងបារីអាចធ្វើឲ្យបានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពស្បែក ក៏ដូចជាប៉ះពាល់ទៅអាយុជីវិត។ ផ្សែងបារី អាចធ្វើឲ្យស្បែកមុខរបស់អ្នកចាស់ជាងវ័យ ព្រោះថាផ្សែងបារីអាចបំផ្លាញកោសិកាស្បែករបស់អ្នក។ វាក៏រិតត្បិតសរសៃឈាម ដែលធ្វើឲ្យស្បែកបាត់បង់អុកស៊ីសែន ហេតុនេះគួរកុំជក់បារី ឬក៏នៅក្បែរផ្សែងបារីឡើយ។

៧. គេងឲ្យបានគ្រប់គ្រាន់
ស្បែកមុខរបស់អ្នកនឹងចាស់ជាងវ័យ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់។ វានឹងធ្វើឲ្យស្បែកមុខរបស់អ្នកឆាប់ចាស់ ជ្រីវជ្រួញ ឬក៏មានរង្វង់ខ្មៅនៅជុំវិញភ្នែកជាដើម។ ហេតុនេះអ្នកគួរគេងឲ្យបានគ្រប់គ្រាន់ ក្នុងចន្លោះពី ៧ ទៅ៨ម៉ោងនៅក្នុង១យប់។

Advertisement