Connect with us

ព័ត៌មានអន្តរជាតិ

បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន២ថ្ងៃ បុគ្គលិកសុខាភិបាលព័រទុយហ្គាល់ម្នាក់បានបាត់បង់ជីវិត

ព័រទុយហ្គាល់ ៖ បន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានរយៈពេលត្រឹមតែ០២ថ្ងៃ ស្រាប់តែបុគ្គលិកសុខាភិបាលនៃប្រទេសព័រទុយហ្គាល់ម្នាក់បានស្លាប់បាត់បង់ជីវិត ដែលវ៉ាក់សាំងកូវីដ១៩នោះគឺជារបស់ក្រុម Pfizer​ ។

យ៉ាងណាមិញ ស្រ្តីដែលបានបាត់បង់ជីវិតពញរោះការចាក់វ៉ាក់សាំងនោះមានឈ្មោះថា Sonia Acevedo នាងមានអាយុ ៤១ឆ្នាំ បានស្លាប់នៅក្នុងផ្ទះរបស់នាងនៅថ្ងៃចូលឆ្នាំថ្មី ពោលគឺរយៈពេល៤៨ម៉ោង បន្ទាប់ពីចាក់វ៉ាក់សាំងរួច។ គេក៏រំពឹងផងដែរថាមន្រ្តីជំនាញនឹងធ្វើកោសល្យវិច័យឲ្យបានល្អិតល្អន់ចំពោះរឿងមួយនេះផងដែរ ។

យ៉ាងណាមិញឪពុកបង្កើតរបស់ស្រ្តីខាងលើ ឈ្មោះ Abilio Acevedo បានប្រាប់សារព័ត៌មាន Correio da Manha របស់ព័រទុយហ្គាល់ថា “នាងមិនមានបញ្ហាសុខភាពឡើយ។ នាងចាក់វ៉ាក់សាំងកូវីដប៉ុន្តែនាងមិនមានរោគសញ្ញាអ្វីទាំងអស់។ ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ។ ខ្ញុំគ្រាន់តែចង់បានចម្លើយប៉ុណ្ណោះ។ ខ្ញុំចង់ដឹងថាតើអ្វីដែលនាំឲ្យកូនស្រីរបស់ខ្ញុំស្លាប់” ។

ចំណែកឯនិយោជិករបស់លោកស្រី Acevedo បានបញ្ជាក់ថា ស្ត្រីដែលស្លាប់គឺត្រូវបានគេចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងកាលពីថ្ងៃទី៣០ខែធ្នូហើយនិយាយថា ពួកគេមិនត្រូវបានគេជូនដំណឹងអំពីផលប៉ះពាល់ណាមួយនៅពេលដែលនាងចាក់វ៉ាក់សាំងឬប៉ុន្មានម៉ោងក្រោយមកឡើយ ។

គួររំលឹកផងដែរថា ប្រទេសព័រទុយហ្គាល់មានប្រជាជនត្រឹមតែជាង១០លាននាក់ប៉ុណ្ណោះ បានរាយការណ៍ថាមានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៧,១១៨នាក់និងឆ្លងជាង៤២៧,០០០ករណី ៕

ប្រភព៖ Daily Mail Online

Advertisement