Connect with us

ព័ត៌មានអន្តរជាតិ

លោក ដូណាល់ត្រាំ និងមន្រ្តី ៤៧រូបផ្សេងទៀត ត្រូវបានអ៊ឺរ៉ងដាក់សំណើរស្នើសុំឲ្យប៉ូលិសចាប់ខ្លួន

អាមេរិក ៖ លោក ដូណាល់ត្រាំ និងមន្រ្តីចំនួន ៤៧រូបផ្សេងទៀត ត្រូវបានប្រទេសអ៊ឺរ៉ងស្នើសុំឲ្យមន្រ្តីប៉ូលិសចាប់ខ្លួនជាលើកទី២ ដែលនេះជាដីកាចាប់ខ្លួនពាក់ព័ន្ធទៅនឹងការសម្លាប់ឧត្តមសេនីយ៍កំពូលរបស់ខ្លួន ឈ្មោះ Qasem Soleimani​ កាលពីឆ្នាំមុននោះ ដោយខាងអ៊ឺរ៉ងបានស្នើសុំឲ្យប៉ូលិសជំនាញអន្តរជាតិចេញសេចក្ដីជូនដំណឹងពណ៌ក្រហមមួយសម្រាប់ការចាប់ខ្លួនមួយនេះ ។

លោក Gholamhossein Esmaili ដែលជាអ្នកនាំពាក្យតុលាការអ៊ឺរ៉ងបានលើកឡើងថា សាធារណរដ្ឋឥស្លាមអ៊ឺរ៉ងបាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការតាមរក និងការដាក់ទណ្ឌកម្មចំពោះអ្នកទាំងឡាយណាដែលបានបញ្ជានិងនៅពីក្រោយចំពោះឧក្រិដ្ឋកម្មមួយនេះ ។

យ៉ាងណាមិញការស្នើសុំចាប់ខ្លួនលោក ដូណាល់ត្រាំ និងមន្រ្តីចំនួន ៤៧រូបខាងលើនេះ គឺបានធ្វើឡើងនៅចំថ្ងៃនៃការរំលឹកខួបការស្លាប់របស់លោក Soleimani ដែលកាលនោះមានការវាយប្រហារតាមអាកាសពីប្រទេសសហរដ្ឋអាមេរិក មកលើប្រទេសអ៊ឺរ៉ាក់ ក្នុងទីក្រុង បាកដាដ ។

នៅក្នុងការសម្លាប់លោក Soleimani នេះដែរ លោក Esmaili បានហៅលោក ដូណាល់ត្រាំថា ជាពិរុទ្ធជនដ៏សំខាន់មួយ  នេះបើតាមទីភ្នាក់ងារសាព័ត៌មាន Mehr News ។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងសហរដ្ឋអាមេរិក ក៏ដូចជាខាងប៉ូលិសអន្តរជាតិបានធ្វើការច្រានចោលគំនិតនៃការធ្វើសកម្មភាណលើដីការដំបូងរបស់អ៊ឺរ៉ងម្ដងរួចមកហើយកាលពីខែមិថុនា កន្លងទៅនេះ ដែលដីការនោះបានចោទប្រកាន់លោកដូណាល់ត្រាំ និងមន្រ្តីទាំង៤៧រូបនោះថា មានជាប់ពាក់ព័ន្ធនឹងបទឃាតកម្ម និងសកម្មភាពភេរវកម្ម ។

ចំណែកឯខាងប្រធានាធិបតីប្រទេសអ៊ឺរ៉ងលោក Hassan Rouhani បាននិយាយយ៉ាងម៉ឺងម៉ាត់ថា លោកនឹងមិនទុកឲ្យអ្នកដែលសម្លាប់លោក  Soleimani រស់នៅបានសុខទេ ហើយជុំវិញរឿងនេះប្រធានាធិបតីសហរដ្ឋអាមេរិក និងមន្រ្តីទាំងនោះត្រូវតែទទួលខុសត្រូវចំពោះការស្លាប់មួយនេះ ៕

Advertisement