Connect with us

ព័ត៌មានអន្តរជាតិ

មិនទាន់ចប់ទេ ព្រោះសូម្បីតែប្រធានាធិបតី លោក Duterte ក៏ចេញមុខមករកយុត្តិធម៌ឲ្យនារីអូតែហ្វីលីពីននោះដែរ

ហ្វីលីពីន ៖ លោក Rodrigo Duterte ប្រធានាធិបតីនៃប្រទេសហ្វីលីពីន បានចេញមុខមកប្តេជ្ញាថា នឹងស្វែងរកយុត្តិធម៌ជូនដល់នារីបម្រើការតាមយន្តហោះ នាង Christine Dacera នោះផងដែរ។

លោក Harry Roque ដែលជាអ្នកនាំពាក្យប្រធានាធិបតីខាងលើ បានរៀបរាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ជាដំបូងនេះ លោកប្រធានាធិបតីបានធ្វើការសន្យាថា លោកនឹងស្វែងរកយុត្តិធម៌ជូនដល់ក្រុមគ្រួសាររបស់នាង Dacera ហើយរឿងពិតនឹងត្រូវបង្ហាញ។

អ្នកនាំពាក្យរូបនោះបានបន្ថែមថា លោកប្រធានាធិបតីនឹងមិនអនុញ្ញាតឲ្យឧក្រិដ្ឋជនរួចខ្លួននោះទេ ប្រសិនបើគ្រប់យ៉ាងមិនត្រូវបានបង្ហាញនោះ ពួកគេក៏មិនអាចរួចខ្លួនបាននៅឡើយដែរ ពួកគេត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ។

គួរំលឹកផងដែរថា នាង Christine Dacera ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងអាងងូតទឹក ដែលស្ថិតនៅក្នុងសណ្ឋាគារ​ Makati បន្ទាប់បីនាងបានជប់លៀងជាមួយមិត្តភក្តិរបស់នាងនាយប់ឆ្លងឆ្នាំ។

យ៉ាងណាមិញយុវជនបីនាក់ក្នុងចំណោម ១១នាក់ត្រូវបានប៉ូលិសធ្វើការឃុំខ្លួនបណ្តោះអាសន្ន ហើយបច្ចុប្បន្ននេះពួកគេត្រូវបានដោះលែងសិន ខណៈពេលដែលប៉ូលិសកំពុងស្វែងរកភស្តុតាងបន្ថែមទៀតដែលនៅពីក្រោយការស្លាប់នារីអូតែសខាងលើនេះ៕

Advertisement