Connect with us

ព័ត៌មានអន្តរជាតិ

ត្រជាក់ខ្លាំងពេក ពេលនេះភាគខាងជើងនៃប្រទេសវៀតណាមចាប់ផ្តើមធ្លាក់ព្រិល

វៀតណាម ៖ ខណៈពេលដែលភាគខាងជើងនៃប្រទេសវៀតណាមកំពុងតែគ្របដណ្តប់ទៅដោយព្រិលយ៉ាងក្រាស់ផងនោះ ពេលនេះប្រជាជនវៀតណាមជាច្រើននាក់នាំគ្នាសម្រុកទៅលេងនៅតំបន់ខ្ពង់រាបភាគខាងជើង ដោយមានទាំងទីប្រជុំជន Sa Pa ផងដែរ។

បន្ទាប់ពីព្រិលចាប់ផ្តើមគ្របដណ្តប់ទៅលើភ្នំ O Quy HO រួចមក ខេត្ត Lai Chau និងទីប្រជុំជន Sa Pa បានក្លាយជាទិសដៅ និងជាតំបន់ទេសចរណ៍ដ៏ពេញនិយម។

សីតុណ្ហភាពចាប់ផ្តើមចុះត្រជាក់មកនៅត្រឹម -១ អង្សារសេ ចាប់តាំងពីថ្ងៃចន្ទម្សិលមិញនេះនៅក្នុងតំបន់ភ្នំ Sin Ho នៃស្រុក Lai Chau  ខណៈពេលដែលនីវ៉ូសមុទ្រនៅក្នុងតំបន់ Sa Pa មានកម្ពស់ ១,៥០០ម៉ែត្រ។ គេនិយាយថា នៅក្នុងតំបន់ភាគខាងជើង នៃប្រទេសវៀតណាមចាប់ផ្តើមចុះត្រជាក់ដល់ទៅ៥ថ្ងៃហើយ ខណៈពេលដែលការចុះត្រជាក់នេះត្រូវគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃពុធផងដែរ។

យ៉ាងណាមិញ អ្នកស្រុកO Quy HO លោក Pham Ngoc Tuan បានលើកឡើងថា ព្រិលចាប់ផ្តើមបន្តធ្លាក់យ៉ាងខ្លាំងកាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ ដោយធ្លាក់រហូតមានកម្រាស់ ពី១ ទៅ៣សង់ទីម៉ែត្រ ខណៈនៅកន្លែងខ្លះមានដល់ទៅ៧ ទៅ១០សង់ទីម៉ែត្រឯណោះ។

បន្ទាប់ពីមានព្រិលធ្លាក់បែបនេះ គេក៏ឃើញមានភ្ញៀវទេសចរភាគច្រើនបាននាំគ្នាធ្វើដំណើរទៅលេងនៅតំបន់ភាគខាងជើងនៃប្រទេស ដោយពួកគេហាក់ដូចជារីករាយជាមួយនឹងអាកាសធាតុត្រជាក់នេះយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមមានអាកាសធាតុត្រូពិក ដែលមានសីតុណ្ហភាពមធ្យមប្រចាំឆ្នាំចាប់ពី ២២ ទៅ២៧អង្សាសេ ក៏ប៉ុន្តែនៅតំបន់ខ្ពង់រាបភាគខាងជើងតែងតែធ្លាប់មានអាកាសធាតុត្រជាក់ខ្លាំង និងជួនកាលតែងតែមានភ្លៀងព្រិលធ្លាក់មកក្នុងរដូវរងាក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប្រភពពីក្រុមមន្រ្តីជំនាញបានលើកឡើងថា ប្រទេសវៀតណាមឆ្នាំនេះមានអាកាសធាតុត្រជាក់ខុសប្លែកពីឆ្នាំកន្លងទៅ ក៏ព្រោះតែសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកធ្លាក់ចុះខ្លាំង ដែលបង្កើតជាបាតុភូតមួយឈ្មោះថា La Nina ៕

Copyright © 2020 KBN Komsan.