Connect with us

ចំណេះដឹងទូទៅ

មកដឹងពីប្រវត្តិនៃនំ “ឆាខ្វៃ ឬយ៉ាវឆាខ្វៃ” ដែលមនុស្សភាគច្រើនមិនដែលបានចាប់អារម្មណ៍

ភ្នំពេញ ៖ ទាក់ទងជាមួយនឹងប្រវត្តិនៃនំជាច្រើនរបស់ខ្មែរភាគច្រើនត្រូវបានបុព្វបុរស ឬដូនតាខ្មែរយើងតែងតែតំណាលតៗគ្នាពីមាត់មួយទៅមាត់មួយ ដោយមានបញ្ញវន្តមួយចំនួនបានចងក្រងជាប្រវត្តិនៃនំទាំងនោះទុកធ្វើជាចំណេះដឹងសម្រាប់បន្តដល់កូនខ្មែរជំនាន់ក្រោយៗទៀត។

យ៉ាងណាមិញ សម្រាប់នំមួយប្រភេទដែលខ្មែរយើងនិយមទទួលទានដែរនោះគឺនំ យ៉ាវឆាខ្វៃ ប៉ុន្តែក៏នៅមានបងប្អូនខ្មែរមួយចំនួនមិនបានដឹង ឬក៏មិនបានចាប់អារម្មណ៍នោះទេថានំនេះមានប្រវត្តិយ៉ាងដូចម្តេច។ ខាងក្រោមនេះជាប្រវត្តិនៃនំ យ៉ាវឆាខ្វៃ ដែលត្រូវបានបង្ហាញនៅក្នុងសៀវភៅវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ដូចតទៅ៖

នំយ៉ាវឆាខ្វៃ ចេញមកពីពាក្យពាក្យផ្សំរបស់ចិនដែលសរសេរថា យ៉ាវ “ខ្លាញ់” + ឆា “ចម្រាញ់” + ខ្វៃ “មនុស្សក្បត់ម្នាកឈ្មោះខ្វៃ” ដែលពាក្យទាំងបីនេះផ្សំចូលគ្នាអានថា យ៉ាវឆាខ្វៃ ដែលត្រូវបានគេដឹងថាជាឈ្មោះនំចិនមួយបែប ជានំដែលគេធ្វើទុកឲ្យជាគ្រឿងសម្គាល់នូវរឿងរ៉ាវនៃមនុស្សក្បត់ផែនដីម្នាក់ឈ្មោះ ខ្វៃ ដែលរាជការសឹកចិនក្នុងបុរាណសម័យព្រេងនាយ បានចាប់យកមកធ្វើទារុណកម្មដោយអារសាច់ទាំងរស់ ចម្រាញ់ធ្វើជានំឲ្យឈ្មោះ ខ្វៃ ស៊ីសាច់របស់វា ហើយគេឲ្យជាងឆ្លាក់ថ្មធ្វើជារូបវាទុកនៅទីមួយជាសញ្ញាផ្ចាញ់ផ្ចាល់ កុំឲ្យជនឯទៀតៗយកតម្រាប់តាម, គេឲ្យធ្វើនំមួយបែនទុកជាព័ស្តុតាង ដើម្បីឲ្យបច្ចាជនទាំងពួងស្គាល់ឈ្មោះជនក្បត់ផែនដីនោះតៗមក គេឲ្យឈ្មោះនំនោះថា យ៉ាវឆាខ្វៃ “នំចម្រាញ់ខ្លាញ់អាខ្វៃ”។

ចិននៅប្រទេសកម្ពុជា ពពាយនាយលក់នំនេះថា យ៉ាវឆាខ្វៃ!; អ្នកខ្លះហៅនំនេះថា នំឆាខ្វៃ, អ្នកខ្លះហៅ នំប្រៃៗ ពីព្រោះនំនេះមានរសប្រៃបន្តិចៗ, អ្នកខ្លះទៀតហៅ នំប្រៃឡមៗ, គេច្រើនប្រើបរិភោគផ្សំជាមួយនឹងទឹកកាហ្វេ ឬគុយទាវជាដើម តាមទម្លាប់ប្រើ ។ រូបថ្មអាខ្វៃនោះមាននៅប្រទេសចិនដរាបមកដល់សព្វថ្ងៃនេះ ៕

Advertisement