Connect with us

ព័ត៌មានអន្តរជាតិ

ហេតុអ្វីត្រូវលែងលះ បើនៅតែមានចិត្តនឹករលឹកដល់គ្នា?

ភ្នំពេញ ៖ ពាក្យថាជីវិតប្ដីប្រពន្ធ គឺមានន័យបំផុតសម្រាប់បុរសស្រ្តីទាំងឡាយ ជាពិសេសសម្រាប់គូស្នេហ៍ដែលពួកគេធ្លាប់បានឆ្លងកាត់ឈ្មោះថាជាសង្សារ។ មុននឹងបានឈានទៅដល់ជីវិតអាពាហ៍ពិពាហ៍ ដៃគូជាសង្សារត្រូវប្រឹងប្រែងស្វែងយល់ពីគ្នាទៅវិញទៅមក ត្រូវយល់ដឹងនូវទុក្ខលំបាក ស្មុគ្រស្មាញទាំងឡាយដែលអាចនឹងកើតមានឡើងនៅក្នុងគ្រួសារ នោះទើបជីវិតអាចនឹងស្គាល់ពន្លឺសុភមង្គលពិតប្រាកដមួយបាន។ វាគ្រាន់តែជារឿងធម្មតាទៅហើយ ដែលជីវិតជាប្ដីប្រពន្ធតែងតែមានរឿងរ៉ាវឈ្លោះប្រកែកគ្នា ដោយគ្រាន់តែថារឿងរ៉ាវដែលលើកយកមកជាបញ្ហានោះ តូច ឬក៏ធំតែប៉ុណ្ណោះ។

ស្នេហាប្ដីប្រពន្ធ ត្រូវអត់ទ្រាំឲ្យបានខ្ពស់បំផុត បើសិនជាអាចគួរតែរស់នៅក្នុងភាពបើកចំហ មិនមានគំនិតលាក់បាំងគ្នា គ្មានទង្វើផិតក្បត់ នោះទើបគ្រួសារមានសុភមង្គល ប៉ុន្តែបើកាលតែប្ដីប្រពន្ធមានគំនិតលាក់លៀម ឬមានការអាក់អន់ចិត្តនឹងគ្នាសូម្បីតែរឿងតូចតាចមួយទៅហើយនោះ ជីវិតប្ដីប្រពន្ធនឹងឈានទៅដល់ការលែងលះជាក់ជាមិនខាន ហើយបើកាលណាតែបានលែងលះគ្នាទៅហើយនោះ ទុក្ខព្រួយទាំងអម្បាលម៉ាននឹងធ្លាក់ទៅដល់កូនៗប្រុសស្រី ដែលធ្លាប់តែទទួលបានការកក់ក្ដៅពីទ្រនំមេបា។

កុំព្រោះតែការសម្រេចចិត្តតែមួយពេលរបស់អ្នក ធ្វើឲ្យកូនៗជាទីស្រឡាញ់ដែលធ្លាប់តែឃើញឪពុកម្ដាយល្អូកល្អឺននឹងគ្នា ធ្លាប់គេងក្បែរ ធ្លាប់មើលមុខគ្នាដោយក្ដីស្រឡាញ់ បែរប្រែជាឃ្លាតឆ្ងាយពីគ្នា ម្នាក់នៅទីនេះ ឯម្នាក់ទៀតនៅទីនោះ។

តួយ៉ាងបើក្រឡេកទៅមើលជីវិតរបស់លោកឧកញ៉ា ឌួង ឆាយ ជាមួយនឹងភរិយាវិញដែលធ្លាប់តែបង្ហាញពីជីវិតគូស្រករពោរពេញទៅសេចក្ដីសុខ សុភមង្គល និងប្រកបដោយភាពផ្អែមល្ហែម ដែលលោកឧកញ៉ាធ្លាប់តែបង្ហោះពាក្យពេចន៍ពីរោះពិសា នៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតមានគូស្នេហ៍មួយចំនួនតែងតែលួចនឹកសរសើរ និងប្រាថ្នាសុំឲ្យជីវិតគូគេបានដូចទៅនឹងលោកឧកញ៉ា។ រឿងរ៉ាវល្អៗជាច្រើនកាលពីអតីតកាល នៅតែបន្តឲ្យលោកឧកញ៉ាធ្វើការ Share ឡើងវិញជាបន្តបន្ទាប់ ដែលហាក់ដូចជាបង្ហាញពីអារម្មណ៍នឹករលឹកដល់ពេលវេលាដែលកន្លងហួសទៅប្រកបដោយមនោសញ្ចេតនាជាមួយនឹងក្រុមគ្រួសារ ជាពិសេសគឺភរិយា និងកូនៗរបស់លោកតែម្ដង។ ការរំលឹកឡើងវិញនូវអនុស្សាវរីយដែលមានតែរឿងល្អៗ ហាក់ធ្វើឲ្យលោកឧកញ៉ានៅតែមិនអស់អាល័យពីភរិយា និងកូនប្រុសស្រីយ៉ាងដូច្នោះដែរ។

បន្ទាប់ពីជីវិតគូរបស់លោកឧកញ៉ាត្រូវបានប្រេះឆារួចមក គេសង្កេតឃើញលោកហាក់ដូចជាស្ញៀមស្ងាត់ មិនសូវរីករាយដូចគ្រាមុនខណៈពេលដែលលោកតែងតែសុំការអនុញ្ញាតពីភរិយាដើម្បីទៅជួបកូនៗប្រុសស្រី។

នេះគឺជារឿងមួយដែលសបញ្ជាក់ឲ្យឃើញថា ការជ្រើសរើសយកការបែកបាក់សម្ព័ន្ធភាពគ្រួសារអ្នកដែលទទួលរងទុក្ខពិតប្រាកដនោះគឺជាកូនៗ ដែលជាសមិទ្ធិផលនៃស្នេហារបស់ប្តីប្រពន្ធនោះឯង ព្រោះថាបើកាលណាឪពុកម្តាយលែងលះគ្នាហើយនោះកូនៗនឹងមានរម្មណ៍ឈឺចាប់ ពិបាកចិត្ត មានបញ្ហាស្រ្តេស នឹងអាចឈានទៅដល់ការគិតមិនល្អផ្សេងៗ។ អ្នកជាម្តាយឪពុកគួរយល់ត្រង់ចំណុចមួយថា តើកូនៗនឹងទៅជាយ៉ាងណាបើគ្មានអ្នក តើបានអ្នកណាផ្តល់ភាពកក់ក្តៅ? តើនឹងមានពេលបានញ៉ាំបាយជុំគ្នាដូចមុនទេ? តើនឹងមានឱកាសបានដើរកម្សាន្តជួបជុំគ្រួសារដូចមុនទៀតទេ?  ហេតុនេះគ្រប់រឿងរ៉ាវទាំងអស់សម្រាប់ប្ដីប្រពន្ធក្នុងលោកនេះ ប្រសិនបើពួកគេថយម្នាក់មួយជំហាននោះ ដោយកាត់បន្ថយជម្លោះ ងាកមកជជែកវែកញែកគ្នា ស្វែងរកចំណុចរួមដែលល្អប្រសើរជាងការលែងលះនោះជីវិតនឹងវិលត្រឡប់មករកការរស់នៅជួបជុំ កូនៗក៏នឹងមានក្ដីសុខដូចដើមវិញផងដែរ៕

Advertisement