Connect with us

ព័ត៌មានអន្តរជាតិ

អស់ពីរឿងមួយចូលរឿងមួយ! ឥណ្ឌូនេស៊ីទទួលរងគ្រោះរញ្ជួយដី រកឃើញអ្នកស្លាប់ចំនួន ៣នាក់ និងរបួសចំនួន២៤នាក់

ឥណ្ឌូនេស៊ី ៖ នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ នេះបើតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី បានលើកឡើងក្នុងរបាយការណ៍មួយថា យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់បានស្លាប់ និងចំនួន២៤នាក់រងគ្រោះ បន្ទាប់ពីមានគ្រោះរញ្ជួយដីក្នុងកម្រិត ៦.២ រុិចទ៍រ ដែលបានវាយប្រហារមកលើកោះ Sulawesi។

យ៉ាងណាមិញនៅក្នុងចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយ ៦គីឡូម៉ែត្រ នៃភាគឦសានក្នុងក្រុង Majene ជាមួយនឹងជម្រៅ ១០គីឡូម៉ែត្រ។ ប្រភពដដែលបានបញ្ជាក់ថា ប្រជាពលរដ្ឋរាប់ពាន់នាក់បានរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដើម្បីស្វែងរកទីតាំងសុវត្ថិភាពបន្ទាប់ពីមានគ្រោះរញ្ជួយដីមួយនេះបានកើតឡើង។

ទោះបីជាយ៉ាងណាក៏ដោយ ក៏គ្រោះរញ្ជួយដីនេះក៏មិនធ្វើឲ្យរងការព្រមានថានឹងមានរលកយក្ស ស៊ូណាមិ នោះទេ ប៉ុន្តែគ្រោះរញ្ជួយដីនេះមានលក្ខណៈធ្ងន់ធ្ងរក្នុងរយៈពេលត្រឹមតែ ៧វិនាទីតែប៉ុណ្ណោះ។

ជាក់ស្តែង មានសណ្ធាគារមួយ និងការិយាល័យអភិបាលខេត្ត West Sulwesi ត្រូវរងការខូចខាតយ៉ាងដំណំ ខណៈពេលដែលអគ្គិសនីត្រូវបានកាត់ផ្តាច់ នេះបើតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយបានលើកឡើង។

គួររំលឹកផងដែរថា ព្រោះតែទីតាំងស្ថិតនៅលើខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ប្រទេសមួយនេះ តែងតែរងការវាយប្រហារដោយការរញ្ជួយដីជាញឹកញាប់ផងដែរ៕

Advertisement