ឥណ្ឌូនេស៊ី ៖ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា ម្សិលមិញនេះ មានការធ្លាក់ភ្លៀងមូសុងយ៉ាងខ្លាំងមួយដែលបានរារាំងដល់ការប្រត្តិបត្តិក្នុងការស្វែងរកអ្នកដែលបានកប់នៅក្រោមអគារ ខណៈដែលការបែកបាក់ដោយគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅលើកោះ Sulawesi បានសម្លាប់មនុស្សចំនួនយ៉ាងតិច ៨១ នាក់ និងធ្វើឲ្យមនុស្សរាប់ពាន់នាក់បានបាត់បង់ផ្ទះសម្បែង។
យ៉ាងមិញ រថយន្តអេស្កាវ៉ាទ័រ និងដងស្ទូចជាច្រើន បានដាក់ពង្រាយពាសពេញមាត់សមុទ្ទ Mamuju ដែលកន្លែងនោះត្រូវបានគេដឹងថាមានអគារជាច្រើនត្រូវបានបាក់បែក និងមានកម្ទេចកម្ទីរបស់មន្ទីរពេទ្យ និងការិយាល័យអភិបាលខេត្តផងដែរដែលត្រូវបានបាត់បង់ក្នុងគ្រោះរញ្ជួយដីមួយនេះ។
ខណៈពេលដែលគេរកឃើញសាកសពអ្នកស្លាប់ចំនួន ៨១ នាក់រួចហើយយ៉ាងណាក្ដី ក៏គេនៅតែមិនទាន់ដឹងថានឹងមានអ្នកស្លាប់បន្ថែមប៉ុន្មាននាក់នោះទេនៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.២ រុិចទ័រកាលពីថ្ងៃសុក្រកន្លងទៅនេះ ដែលពេលនេះគេកំពុងស្វែងរកអ្នកដែលបានស្លាប់ ឬរស់នៅក្រោមគំនរកម្ទេចកម្ទីថ្មទាំងនោះ។
ឆ្កែ K-9ដែលមានសមត្ថភាពហិតក្លិនត្រូវបានប៉ូលិសដាក់ពង្រាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីជួយក្នុងការស្វែងរកបន្ថែមទៅដល់សាកសពអ្នកដែលបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយដែលទទួលរងការខូចខាតព្រោះតែគ្រោះមហន្តរាយខាងលើ ខណៈដែលការយកឧបករណ៍ធុនធ្ងន់យកទៅរាវរកសាកសពនោះអាចធ្វើឲ្យអ្នកដែលនៅមានជីវិតប្រែជាបាត់បង់ជីវិតវិញក៏ថាបាន។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះភាគច្រើនត្រូវបានគេរកើញនៅក្នុងទីក្រុង Mamuju ខណៈជនរងគ្រោះមួយចំនួនទៀតរកឃើញនៅភាគខាងត្បូងក្នុងទីក្រុង ដែលគេដឹងថាមានមនុស្សប្រមាណជា១១ម់ឺននាក់រស់នៅទីនោះផងដែរ។ ជាក់ស្តែង ខាងអាជ្ញាធរមិនបានបញ្ជាក់ពីតួលេខដែលអ្នកនៅរស់រានមានជីវិតគ្រោយជួយសង្គ្រោះនៅឡើយទេមកទល់នឹងពេលនេះ៕
ប្រភព ៖ CNA