មុននេះបន្តិច មានគណនីហ្វេសប៊ុកមួយឈ្មោះ Somavathey Sous បានសរសេរសំណេរមួយមានន័យថា ថ្ងៃនេះផ្សារអូឡាំពិក រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១៨នាក់ ហើយម្ចាស់គណនីហ្វេសប៊ុកមួយនេះ ថែមទាំងបញ្ជាក់ថា ជាព័ត៌មានច្បាស់លាស់ទៀតផង ។

ជុំវិញការបង្ហោះសារខាងលើនេះ បានបង្កឲ្យមានការជ្រួលច្របល់នៅលើបណ្ដាញសង្គម ខណៈដែលវាមិនមែនជាព័ត៌មានពិតឡើយ ។ ជាមួយគ្នានេះដែរ បើយោងតាមប្រភពច្បាស់ការមួយបានឲ្យដឹងថា មកទល់ពេលនេះគណកម្មការផ្សារអូឡាំពិក កំពុងស្វែងរកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Somavathey Sous ដើម្បីមកបកស្រាយបំភ្លឺ ។
សូមបញ្ជាក់ថា ម្ចាស់គណនីហ្វេសប៊ុក Somavathey Sous បានលុបសាររបស់ខ្លួនខាងលើនេះ បន្ទាប់ពីបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករយៈពេលប្រហែលកន្លះម៉ោង ៕


