Connect with us

តារាអន្តរជាតិ

អុញនោះ! ខាងទាហានភូមា ចេញដីកាចាប់ខ្លួន Miss Grand មីយ៉ាន់ម៉ា ពីបទញុះញង់ឲ្យមានចលាចលក្នុងប្រទេស

ថៃ ៖ មហាជនអ្នកលេងបណ្តាញសង្គមប្រាកដជាបានជ្រាបខ្លះរួចមកហើយកាលពីរាត្រីវគ្គប្រឡងផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Grand International ដែលបានប្រារព្ធឡើងនៅក្នុងប្រទេសថៃនិងមានបេក្ខភាពមកពីបណ្តាប្រទេសជាច្រើនបានចូលរួម។ ក្នុងរាត្រីដដែលនោះផងដែរ បវរកញ្ញ មីយ៉ាន់ម៉ា កញ្ញា Han Lay ត្រូវបានទទួលការអនុញ្ញាតពីអ្នកគ្រប់គ្រងកម្មវិធីឲ្យនាងបានបញ្ចេញមតិទាក់ទិននឹងរឿងរ៉ាវមួយចំនួនដែលកើតមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានក្រុមទាហានភូមាបានធ្វើបាបទៅលើប្រជាជន រួមទាំងថ្នាក់ដឹកនាំមួយចំនួននៅក្នុងប្រទេសផងដែរ។

កញ្ញា Han Lay បានប្រើឱកាសមួយនោះបញ្ចេញសំឡេងដោយបានស្នើសុំឲ្យពិភពលោកទាំងមូលជួយប្រទេសរបស់ខ្លួន។ ហើយបន្ទាប់ពីនាងបានបញ្ចេញមតិរួច ក៏មានមហាជនជាច្រើនទូទាំងសកលលោកសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់នាង រហូតត្រូវបានអ្នកគ្រប់គ្រងកម្មវិធី Miss Grand International អនុញ្ញាតឲ្យនាងស្នាក់នៅប្រទេសថៃមួយរយៈ។

យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវទាំងនោះបានកើតឡើងរួច ពេលនេះគេលេចលឺដំណឹងមួយដែលថាខាងទាហានភូមា បានចេញដីកាតាមចាប់ខ្លួនកញ្ញ Han Lay​ ដែលជា Miss Grand International ពីបទដែលនាងបានញុះញង់ឲ្យមានចលាចលនៅក្នុងប្រទេស នៅពេលដែលនាងប្រើប្រាស់ឆាក Miss Grand International បញ្ចេញសំឡេងនិយាយពីបញ្ហានយោបាយក្នុងប្រទេស។ ចំពោះដីកាចាប់ខ្លួននោះផងដែរ រួមមានទាំងអ្នកដែលបានបញ្ជូននាងទៅប្រកួតផងដែរ ហើយក្រុមគ្រួសាររបស់កញ្ញា Han Lay ដែលកំពុងតែស្ថិតនៅក្នុងប្រទេសភូមាគឺមិនមានសិទ្ធចេញទៅក្រៅប្រទេសបានឡើយ។

ទោះបីជាយ៉ាងនេះក្ដី មកទល់នឹងពេលនេះក្រុមទាហានភូមាបានចាប់ខ្លួនបណ្តាអ្នកសិល្បៈចំនួន ជាង៤០នាក់រួចទៅហើយក្រោយពីពួកគេបានចេញមុខមកនិយាយពីបញ្ហានយោបាយ និងការទាមទារឲ្យដោះលែងលោកស្រី អ៊ុង សានស៊ូជី៕

Advertisement